ព័ត៌មានជាតិ

ក្រុមអ្នកជំនាញ អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុល ពង្រឹងស្ពានហាល ខាងកើតប្រាសាទ បេងមាលា ឱ្យរឹងមាំឡើងវិញ

រូបភាព៖ អាជ្ញាធរជាតិអប្សរា

ភ្នំពេញ៖ ស្ពានហាលផ្នែកខាងកើត របស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាព ដួលរលំបាក់បែកទ្រុឌទ្រោម ប្រែជារឹងមាំឡើងវិញ ជាបន្តបន្ទាប់ដោយក្រុម អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុល ប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកា នៃមូលនិធិកិច្ចសហប្រតិបត្តិការ ពិសេសមេគង្គ-ឡានឆាង ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។

អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «រយៈពេល១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើង ស្ពានហាលខាងកើត នៃប្រាសាទបេងមាលា បានសម្រេចរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពាន ដែលស្រុតមួយផ្នែកធំទៀត ។ បច្ចុប្បន្នក្រុមការងារ នៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត» ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ស្របតាមអនុសាសន៍ អ្នកជំនាញការ អាយស៊ីស៊ី-អង្គរ ក្រុមការងារ ប្រើថ្មបាយក្រៀម ជំនួសដីដែលចាស់ បុរាណបានបុកបង្ហាប់ ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាព ស្រុតដោយសារទឹកហូរច្រោះ។ អ្នកជំនាញរំពឹងថា ការប្រើថ្មបាយក្រៀមនៅទីតាំងនេះនឹងជួយឱ្យរឹងមាំបានយូរអង្វែង ទប់ស្កាត់ការខូចខាត នាពេលអនាគតជាបន្តទៀត។

ការងារជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា បានបែងចែកក្រុមការងារជា៤ផ្នែក គឺផ្នែកទី១ រៀបចំកម្រាលនិងតម្លើងនាគ ផ្នែកទី២ ជួសជុលថ្មបាយក្រៀមនៃតួស្ពាន ផ្នែកទី៣ជួសជុលថ្មកម្រាល និងផ្នែកទី៤ ជួសជុលប៉ះនិងតថ្ម ។ គម្រោងជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលានេះ ក្រៅពីថែរក្សាអភិរក្សមរតកដូនតាខ្មែរ ក៏បានផ្តល់ឱកាសការងារ ដល់ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ និងប្រជាជនមួយចំនួនរស់នៅជុំវិញ ប្រាសាទនេះ ឱ្យទទួលបានប្រាក់កម្រៃជួយផ្គត់ផ្គង់គ្រួសារ ព្រមទាំងបានបណ្តុះទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សា កេរដំណែលដូនតាខ្មែរ ឱ្យគង់វង្សបានយូរទៅថ្ងៃអនាគតផង។

ស្ពានហាលខាងកើតប្រាសាទបេងមាលា បានចាប់ផ្ដើមដំណើរការ ជួសជុលតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥៕

To Top