ភ្នំពេញ៖ លោក សោម សូរីដា សមាជិក គ.ជ.ប ក្នុងឱកាសចុះពិនិត្យមើល ការប្រឡងើជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ស្នើឱ្យមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដែលបានប្រឡងជាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប ។
ថ្លែងក្នុងឱកាសចុះពិនិត្យមើល ការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ លោក សោម សូរីដា សមាជិក គ.ជ.ប បានថ្លែងអំណរគុណដល់ អនុគណ:កម្មការរៀបចំការប្រឡងខេត្តស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំការប្រឡងជ្រើសរើសនេះ ដោយអនុវត្តយបានត្រឹមត្រូវ តាមច្បាប់ នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប ។

បន្ថែមលើនេះ លោក សោម សូរីដា បានថ្លែងអំណរគុណ ដោយសេចក្ដីគោរពដល់ក្រសួងស្ថាប័ន ដែលបានផ្ដល់ធនធានមនុស្ស មកចូលរួមជាមួយ គ.ជ.ប ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា។
លោក សោម សូរីដា បានបញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នា័២០២៥ នេះ គឺជាដំណាក់កាលសំខាន់មួយ ក្នុងដំណើរការរៀបចំការបោះឆ្នោត នោះគឺការរៀបចំបញ្ជីបោះឆ្នោត ដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ហេតុនេះ សូមមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដែលបានប្រឡងជាប់ មេត្តាយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានជូនពរ ដល់មន្ត្រីទាំងអស់ សូមទទួលបានសុខភាពល្អ សំណាងល្អ និងជោគជ័យក្នុងការបំពេញភារកិច្ចផងដែរ៕




