ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំពី វិធានការទប់ស្កាត់ និងកាត់បន្ថយការ បំពុលតំបន់ទឹកសាធារណៈ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួង បរិស្ថាន ដើម្បីអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។

តាមរយៈសារាចររបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាព សាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ ជាការងារអាទិភាព ។ ក្នុងនោះ ការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និង ការទប់ស្កាត់ ការសាយភាយសារ ធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃ កម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈនិងជីវៈចម្រុះ។

កន្លងមក រាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការ គ្រប់គ្រងនិងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការ គ្រប់គ្រងនិងត្រួតពិនិត្យ ការបញ្ចេញសំណល់រាវឬសារធាតុបំពុលទឹកពីប្រភពបំពុលនានា នៅមានកម្រិតនិងមិនទាន់ឆ្លើយតបទៅនឹង កំណើនសកម្មភាព នៃការអភិវឌ្ឍនាពេលថ្មីៗនេះ ដែលជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹក សាធារណៈនិងសុខភាព ប្រជាពលរដ្ឋ ដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ៕

To Top