ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក ប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ROY M.GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ។ ក្នុងនោះមេបញ្ជាការទាំងពីរ បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ។ មេបញ្ជាការទាំងពីរ ក៏បានគូសបញ្ជាក់ អំពីការបន្តជំរុញទំនាក់ទំនង នៃកងទ័ពជើងគោកទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការហ្វឹកហ្វឺន និងការធ្វើលំហាត់ទ្វេភាគី។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានទៅទស្សនកិច្ចការងារ នៅបណ្តាអង្គភាពសំខាន់ របស់កងទ័ពជើងគោក ហ្វីលីពីន រួមមាន៖ វរសេនាតូចវិស្វកម្ម ៥២៥ កងពលធំរថក្រោះ – រថពាសដែក និង សាលានាយទាហាន កងទ័ពជើងគោកហ្វីលីពីន ដោយដំណើរទស្សនកិច្ចទាំងនេះ បានផ្តល់ការយល់ដឹងអំពីកិច្ចការហ្វឹកហ្វឺន ការអភិវឌ្ឍន៍សមត្ថភាពទ័ព និងការត្រៀមខ្លួន សម្រាប់ប្រតិបត្តិការ របស់កងទ័ពជើងគោកហ្វីលីពីន។

ដំណើរទស្សនកិច្ចរបស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាពេលនេះ គឹបានឆ្លុះបញ្ចាំងពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ និយាយជារួម រវាងកងទ័ពជើងគោក ទាំងពីរនិយាយដោយឡែក ក្នុងគោលបំណងពង្រឹងទំនុកចិត្តទៅវិញទៅមក អន្តរប្រតិបត្តិការ និងចក្ខុវិស័យរួមសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕





