ព័ត៌មានជាតិ

អភិបាលខេត្តគំពង់ចាម អញ្ជើញពិនិត្យវឌ្ឍនភាព និងពន្លឿនការស្ថាបនា សួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស រៀបចំលំអក្រុង មុនពេលចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យវឌ្ឍនភាព និងពន្លឿន នៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ។

បើតាមការលើកឡើងរបស់ លោកអភិបាលខេត្ត បានឲ្យដឹងថា ការជួសជុលកែលម្អសួនច្បារនេះ គឺដោយសារ ការ៉ូឡាចាស់មានសភាពពុកផុយ និងត្រូវយកចេញនូវដើមឈើមួយប្រភេទ ដែលផ្ការបស់វាមានផ្ទុកសារជាតិពុល ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ។

លោកអភិបាលខេត្តបន្តថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើនេះ គឺជាជ្រុងមួយ ដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង និងសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត និងដើរហាត់ប្រាណជាដើម។

គួរបញ្ជាក់ថា ទីតាំងខាងលើនេះក៏ជាផ្នែកមួយនៃការដាក់តម្កល់ពាងទឹក (តំបន់ត្រជាក់) ក្នុងការរៀបចំ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ក្នុងនោះ សម្ភារៈដែលត្រូវបំពាក់នៅលើសួនច្បារ រួមមាន: ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំដើមឈើលម្អ, ផ្កា និងក្រាលស្មៅជាដើម។ល។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណ៨៥ ភាគរយហើយ ៕

To Top