កំពង់ចាម ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងញៀន បានផ្តល់ការគាំទ្រ ដើម្បីសម្របសម្រួលនីតិវិធីផ្លូវច្បាប់ គ្រប់ទម្រង់ សម្រាប់ការបញ្ចូលអ្នកញៀនគ្រឿងញៀន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការថែទាំសុខភាពអ្នកញៀន គ្រឿងញៀនឲ្យស្របតាមស្តង់ដា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងដូច្នេះ នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៥ ខណ:ពេលអញ្ជើញបំពេញទស្សនាកិច្ចមជ្ឈមណ្ឌល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌល ខេវី ស្ថិតនៅ ភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំង គណៈប្រតិភូជាច្រើនរូបទៀត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ទៀតថា ដើម្បីងាយស្រួលនីតិវិធីក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀនឲ្យមកបន្សាបសារធាតុញៀនបាន ស្នើសុំទៅដល់ព្រះរាជអាជ្ញា តុលាដំបូលខេត្តទាំងពីរ ឲ្យជួយសម្របសម្រួល ធ្វើលិខិតផ្លូវច្បាប់បញ្ជាក់ និងចោទប្រកាន់ជាមុនសិន ទៅលើអ្នកញៀនគ្រឿងញៀន ដោយមានភ្ជាប់ ជាមួយឯកសារពីគ្រូពេទ្យបញ្ជាក់ថា ពិតជាមានសារធាតុញៀន ទើបបានយើងបញ្ជូន ពួកគាត់ឲ្យមកបន្សាប សារធាតុចេញនៅមជ្ឈមណ្ឌលខេវី ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានរៀបចំផែនការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងសង្គមកិច្ច និងក្រសួងការងារ សម្រាប់ឲ្យមន្ទីរសង្គមកិច្ច និង មន្ទីរការងារ រវាងខេត្តទាំងពីរត្បូងឃ្មុំ និងកំពង់ចាម ផ្តល់ការគាំទ្រ ទៅលើផ្នែកថែទាំសុខភាព អាហារ សម្លៀកបំពាក់ សម្រាប់អ្នកញៀនគ្រឿងញៀនមកពីគ្រួសារក្រីក្រ មានជីវៈភាពខ្វះខាត ព្រមទាំងផ្តល់ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដល់ពួកគាត់ ក្រោយពីបន្សាបសារធាតុញៀន ចេញរួចរាល់ហើយ ពួកគាត់មានជំនាញច្បាស់លាស់ណាមួយ ទុកក្នុងខ្លួនអាចយក ទៅបំពេញការងារចិញ្ចឹមជីវិតខ្លួនឯងបាន ៕

