ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ​

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងគណៈអភិបាលខេត្តសៀមរាប នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដើម្បីជាការអបអរសាទរ ដល់ភាពចម្រុះ នៃវប្បធម៌ និង សិល្បៈ ដែលនឹងប្រមូលផ្តុំសិល្បករកម្ពុជា និងសិល្បករមកពីបរទេស និងបណ្តាប្រទេសអាស៊ាន ក្នុងការបង្កើតជាព្រឹត្តិការណ៍ ដ៏សំខាន់មួយគាំទ្រ ដល់ការបង្កើន ចរន្តភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការរៀបចំ «ព្រឹតិ្តការណ៍សម្តែង សិល្បៈអន្តរជាតិ សៀមរាប-អង្គរ» គឺនឹងអាចផ្សព្វផ្សាយកាន់ តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏មានជំនឿយ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លា ពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនទេសចរ មកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌ ពិភពលោកសៀមរាប-អង្គរ ៕

To Top