ស្ទឹងត្រែង ៖ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននិងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។
យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Oceania Conservation ។ សម្រាប់បេសកកម្មនេះ គឺ ជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។
សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ ១២០ គីឡូម៉ែត្ររវាង ខេត្តស្ទឹងត្រែង និងក្រចេះ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយ ធ្វើឱ្យចំនួនរបស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្តបង្កគ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការជាប់ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ (ហៅថា “bycatch”) ការបាត់បង់ទីជម្រក និងការ នេសាទខុសច្បាប់ជាដើម។

ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្នាំទន្លេដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និង ការលះបង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ង នេសាទដែលបោះបង់ចោលចេញពីទន្លេ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ ដោយសារយើងកំពុងធ្វើការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។

លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រ និងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ យុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស»។
លោកស្រីបណ្ឌិត Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិកបានមានប្រសាសន៍តំណាងឱ្យ ក្រុមអ្នកហែលទឹកថា៖ «យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជាបេសកកម្ម ដើម្បីការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រផងដែរ៕
