ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែលោក ជឿជាក់លើភាពទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំក្រសួង មុខងារសាធារណៈ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន បានថ្លែងថា ការងាររបស់មន្ដ្រីក្រសួង មិនល្អឥតខ្ចោះទេ តែលោក ជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាព នៃការប្រឡងប្រជែង។

ក្នុងវិបស្សនាបូកសរុប និងកែលម្អប្រព័ន្ធប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល ១៥ខែ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ ឱ្យអនុវត្តនូវវិធានការ គន្លឹះទាំងបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មកឱ្យក្រសួងមុខងារសាធារណៈដឹកនាំ ។ ពិតណាស់ រយៈពេល ១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងកៀកកិតនឹងគ្នានោះទេ និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈទេ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក៏ការកែទម្រង់មិនអាចទៅមុខរួចដែរ ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា «និយាមនីតិប្រតិបត្តិ ដែលយើងបានអនុវត្តរយៈពេល ១៥ខែ ពិតណាស់មិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការប្រតិបត្តិ អនុវត្តដោយទទួលខុសត្រូវ ចង់ឃើញលទ្ធផល និងការផ្តល់ភាពសុក្រឹតនៃការប្រឡង។ មកដល់ពេលនេះ យើងអនុវត្តបានដោយជោគជ័យ រយៈពេល ១៥ខែ ដោយសារចិត្តមួយថ្លើមមួយ នឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់ភាគីនៃមុខងារសាធារណៈរបស់យើង»។

ពាក់ព័ន្ធនឹងការប្រឡងប្រជែង លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំដល់សមាជិក សមាជិកា នៃអង្គវិបស្សនាទាំងអស់ថា ពិតណាស់ ក្រុមការងារ បានអនុវត្តកិច្ចការងារបច្ចេកទេសដោយឡែកៗ រៀងៗខ្លួន តែសូមក្តាប់ឱ្យជាប់ពីគោលជំហរ និងបេសកកម្មរួមដ៏ធំ គឺការចូលរួមប្រែក្លាយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាសមិទ្ធកម្មជាក់លាក់ និងការរុញការកែទម្រង់ ក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅឆ្នាំ២០២៨ និងការធ្វើដំណើរជាជំហានៗ ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់ថ្ងៃអនាគត។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ពិតជាមានសារៈសំខាន់ តែក៏មិនមែនជាកិច្ចការងារតែមួយ របស់ក្រសួងមុខងារសាធារណៈទេ។” “ប្រាកដណាស់ ការប្រឡងប្រជែងនីមួយៗ គឺជាឱកាសឱ្យមន្ត្រីរបស់យើង ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល ប៉ុន្តែកិច្ចការងារក្រសួងមុខងារសាធារណៈមានច្រើន ដូច្នេះក្រសួងត្រូវបែងចែកធនធាន សម្រាប់គាំទ្រដល់កិច្ចការងារវិភាគមុខងារ និងកិច្ចការងារផ្សេងៗមួយចំនួនបន្ថែមទៀត៕

To Top