ភ្នំពេញ៖ គម្រោងដាក់បម្រាម រិតត្បិតទិដ្ឋាការ: ព័ណ៌លឿង ទឹកក្រូច និង ក្រហម របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បាននឹងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍ ក៏ដូចជាភូមិសាស្រ្តនយោបាយ យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយ ចំនួនទូទាំងពិភពលោក ។
លោក សយ សុភាព ក្នុងនាមអ្នកតាមស្ថានភាពនយោបាយ បានលើកឡើងថា «សម្រាប់កម្ពុជា មិនសំខាន់ទាក់ទងទៅនឹងសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យទេ គឺ ទាក់ទងទៅនឹងពលរដ្ឋខ្មែរ ដែលប្រព្រឹត្តខុសច្បាប់ ហើយត្រូវបញ្ជូនមកខ្មែរវិញ នាពេលកន្លងមក មានភាពយឺតយ៉ាវ ដោយសារតែនិតីវិធី ស្មុគស្មាញ។ នេះបើតាមប្រភពព័ត៌មាន ដែលអាចយកជាការបានប្រាប់ឱ្យដឹង» ។
បើយោងតាមការចុះផ្សាយរបស់ New York Time បានឱ្យ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិចារណាដាក់បម្រាម ធ្វើដំណើរលើប្រជាពលរដ្ឋមកពី៤៣ ប្រទេស រួមទាំងប្រទេសរុស្ស៊ី ។ សំណើនេះជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម ដ៏ទូលំទូលាយ របស់រដ្ឋបាលលោក ត្រាំ ដើម្បីដាក់កំហិតកាន់តែតឹងរ៉ឹង លើការចូលប្រទេស ដោយពង្រីកគោលនយោបាយពីអាណត្តិទីមួយរបស់លោក។
ផែនការសេចក្តីព្រាងនេះ បែងចែកប្រទេសទាំងនោះជាបីកម្រិត—ក្រហម ទឹកក្រូច និងលឿង—ដោយផ្អែកលើកម្រិត នៃការរឹតត្បិត។
កម្រិត “ក្រហម” នឹងហាមឃាត់ទាំងស្រុងនូវការចូលពី ១១ ប្រទេស ដូចជា អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងស៊ីរី ខណៈដែលកម្រិត “ទឹកក្រូច” ដែលរួមមានរុស្ស៊ី នឹងដាក់កំហិតយ៉ាងខ្លាំង លើទិដ្ឋាការ។
កម្រិត “លឿង” ផ្តល់ឱកាស ៦០ ថ្ងៃដល់២២ ប្រទេស ដើម្បីដោះស្រាយបញ្ហាសន្តិសុខ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមនឹងវិធានការតឹងរ៉ឹងជាងមុន។ ចលនានេះធ្វើឡើង បន្ទាប់ពីបទបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខា ដោយប្រធានាធិបតី ត្រាំ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ដែលមានគោលបំណងពង្រឹង សន្តិសុខជាតិ តាមរយៈដំណើរការត្រួតពិនិត្យកាន់តែតឹងរ៉ឹង។
ពលរដ្ឋមកពីប្រទេសចំនួន ១១ ក្នុងប្រភេទ “ក្រហម” នឹងត្រូវបានរារាំងទាំងស្រុងពីការចូលសហរដ្ឋអាមេរិក។ ប្រទេសទាំងនេះរួមមាន អាហ្វហ្គានីស្ថាន ប៊ូតាន គុយបា អ៊ីរ៉ង់ លីប៊ី កូរ៉េខាងជើង សូម៉ាលី ស៊ូដង់ ស៊ីរី វេណេហ្ស៊ុយអេឡា និងយេម៉ែន។
ប្រទេសនៅក្នុងប្រភេទ “ពណ៌ទឹកក្រូច” ១០ ប្រទេសនឹងប៉ះពាល់ដល់ទិដ្ឋាការអន្តោប្រវេសន៍ ទេសចរណ៍ និងនិស្សិត ដោយមានករណីលើកលែងមួយចំនួន។ បញ្ជីនេះមាន ប្រទេសបេឡារុស្ស អេរីទ្រា ហៃទី ឡាវ មីយ៉ាន់ម៉ា ប៉ាគីស្ថាន រុស្ស៊ី សៀរ៉ាឡេអូន ស៊ូដង់ខាងត្បូង និងតូមិននីស្ថាន។
ប្រទេសស្ថិតក្នុងបញ្ជីពណ៌លឿងចំនួន២២ ប្រទេសរួមមាន៖ អង់ហ្គោឡា អង់ទីហ្គា និង បាប៊ុយដា បេណាំង បួគីណាហ្វាសូ កម្ពុជា កាមេរូន កាបវែរ ឆាដ សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដូមីនីកា ហ្គីណេអេក្វាទ័រ ហ្គាំប៊ី លីបេរីយ៉ា ម៉ាឡាវី ម៉ាលី ម៉ូរីតានី សាំងឃីត និង នេវីស សាំងលូសៀ សៅតូម៉េ និង ព្រីនស៊ីប វ៉ានូអាទូ ហ្ស៊ីមបាវ៉េ៕
