កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្ដាល ព្រមទាំងដាក់ចេញនូវផែនការ កំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉ន ជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញ បច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។

ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្ដាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំង នគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

ទន្ទឹមនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាព គួរឱ្យកត់សម្គាល់ របស់សាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្ដុះបណ្ដាល ក្នុងសម័យសន្តិភាពនិង ប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការ នៃការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹង សមត្ថភាពជំនាញនិងលើកកម្ពស់ ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់សិក្ខាកាមជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាម ឱ្យយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ៕
