កំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានបង្ហាញក្តីរំពឹងថាយុវជនកាកបាទក្រហមកម្ពុជា ដែលទើបទទួលបានការបំពាក់កន្សែងថ្មីចំនួន ១២៥០នាក់ ដែលមកពីវិទ្យាល័យទាំង២៥ នៃខេត្តកំពង់ស្ពឺ និងក្លាយជាចំណែកថ្មីមួយទៀត ក្នុងការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។
ការណ៍នេះ គ្រាដែលបំពាក់កន្សែងទទួលស្គាល់សមាសភាពថ្មី យុវជនកាកបាទក្រហមកម្ពុជាទ្រង់ទ្រាយធំ ១២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ នៅអាគាររដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្មាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា យុវជនកាកបាទក្រហមកម្ពុជាខេត្តគឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃ បណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ។
លោកថា កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០នោះ បានបាត់បង់កម្លាំងយុវជន កាកបាទក្រហមកម្ពុជាក្នុងរបបប៉ុល ពត។ ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញ នូវកម្លាំងយុវជន កាកបាទក្រហមកម្ពុជា គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែ មេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមានតែមួយគត់ឡើងវិញនៅក្នុងប្រទេស ។ នៅក្នុងដំណើរបេសកកម្មមនុស្សធម៌រយៈពេល២៦ឆ្នាំមកនេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់លើការ អភិវឌ្ឍស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យទៅជាសមាគមជាតិមួយ ដែលមានដំណើរការល្អតាមទិសវិមជ្ឈការ និងវិសហ មជ្ឈការ ជាពិសេសក្នុងការពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម តាមរយៈការបង្កើតឱ្យមានយន្តការ និងគោលនយោបាយដឹកនាំ និងគ្រប់គ្រងយុវជនច្បាស់លាស់ គឺសន្និបាតយុវជន ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន អ្នកស្ម័គ្រចិត្ត និងរចនាសម្ព័ន្ធគ្រប់គ្រងពីថ្នាក់កណ្តាល ដល់សាខា និងក្លឹបយុវជនតាមបណ្តាគ្រឹះស្ថានសិក្សា។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកករសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងដោយបញកជាក់បន្ថែមថាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានគឺពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបន្ដកសាង ពង្រីកបណ្ដាញយុវជន និងជំរុញឱ្យចេះស្រឡាញ់ និងចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាពមនុស្សធម៌នានាជាច្រើន ស្របតាមស្ថានភាពកាលៈទេសៈបច្ចុប្បន្ន។ ហើយនេះក៏ជាឱកាសដ៏ពិសេសសម្រាប់ក្មួយៗ ដែលបានស្ម័គ្រចិត្ត មកចូលរួមជាមួយកាកបាទក្រហមកម្ពុជា ព្រោះថាការចូលរួមនេះក្មួយៗ អាចទទួលបាននូវចំណេះដឹងថ្មីៗ ពីមន្ដ្រីជំនាញទីស្នាក់ការកណ្ដាល ដែលចំណេះដឹងទាំងនេះមិនងាយ មានឱកាសទទួលបានឡើយ។
ក្នងឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញនិងក្រើនរំឭកដល់យុវជនដែលទើប ទទួលស្គាល់ថ្មីទាំងអស់ត្រូវប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ បន្តខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤របស់កាកបាទក្រហមកម្ពុជា។ ត្រូវពង្រឹងចំណងសាមគ្គីភាពរវាងយុវជនកាកបាទក្រហមកម្ពុជា តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា ក្រោមការដឹកនាំរបស់ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដើម្បីបន្តបេសកកម្មបេះដូងមនុស្សធម៌៕ ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអម្ពិល




