ព័ត៌មានជាតិ

គម្រោងសហប្រតិបត្តិការ ចិន-កម្ពុជា-យូនីសេហ្វ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដើម្បីពង្រីកសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការ យូនីសេហ្វ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះគឺជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថា សហគមន៍ដែលងាយរងគ្រោះបំផុត មានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងមានភាពធន់នឹងអាកាសធាតុ ដោយកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ប្រទេសកម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG) ៦.១ និង ៦.២»។

លោក រដ្ឋមន្ដ្រី បន្ដថា «គោលដៅនេះកំណត់ថា យើងត្រូវធានាថាមានទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ និងមានសេវាអនាម័យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០ ដោយផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងប្រជាពលរដ្ឋងាយរងគ្រោះ»។

ក្រោមកម្មវិធីសហប្រតិបត្តិការនេះ ក្រសួងចំនួន ៣ របស់កម្ពុជា គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាអង្គភាពអនុវត្តគម្រោង ដោយទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការ យូនីសេហ្វ ប្រចាំប្រទេសចិន៕

To Top