ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ច ចំពោះក្រុមហ៊ុន TotalEnergies និង ដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួម ក្នុងការការពនារបរិស្ថាន រួមចំណែក កាត់ បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។

លោករដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។
ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រង ក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់ខ្លួន ចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់ លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពល កកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយ ផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេច ឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ គោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាស អំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍនដោយចីរភាព និងសុខដុមភាពបរិស្ថាន៕

