ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ គូសរំលេចពីគោលបំណង ៣សំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍ បុណ្យទន្លេ ក្នុងខេត្តតាកែវ

តាកែវ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ អន្តរក្រសួងរៀបចំ បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មការ អន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោក-លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង លោក-លោកស្រី ជាប្រធានអនុគណៈកម្មការ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិការសឹករងខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តចូលរួមជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានគូសរំលេចអំពីគោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ រួមមាន ៖
១ -ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ។

២ -ចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុក ដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដង ទន្លេ នៃព្រះរាជាណាចក្រកម្ពុជា

៣-បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕

To Top