ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា៖ ត្រូវបន្តលើកកម្ពស់សុខភាពពលរដ្ឋ ជាមួយអត្ថប្រយោជន៍ប្រើប្រាស់ ប័ណ្ណមូលនិធិសមធម៌

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឲ្យបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌សុខាភិបាល ។ ការស្នើរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នាថ្ងៃ១៧ មីនា ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាពពង្រឹងការ ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសការខិតខំពន្យល់អំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប.ស.ស ដោយត្រូវធានាបានូវគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ចំពោះគ្រប់អ្នកជំងឺ។ បន្ថែមពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានកិច្ចការងារនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជំរុញ និងកែលម្អបន្ថែមទៀត ប្រកបដោយសា្មរតីបុរេសកម្ម។

ជាកិច្ចបន្ទាប់ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងការណែនាំចំណុចសំខាន់ៗមួយចំនួន ៖ ការបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់វិស័យឯកជនឱ្យបានកាន់តែល្អប្រសើរ ។ ទន្ទឹមនឹងនេះដែរ សាស្ត្រាចារ្យបានលើកអំពីផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០២៨ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា និងកិច្ចការអភិវឌ្ឍនូវមន្ទីរពេទ្យបង្អែកស្រុក ទាំង២ កម្រិត (CPA1 និង CPA 2) ដើម្បីបង្កើន និងជំរុញប្រសិទ្ធភាពក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនៅនឹងកន្លែង ៕

To Top