ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចែករំលែកបទ ពិសោធន៍ ទៅដល់បណ្តាកុងស៊ុល កិត្តិយសអឺរ៉ុបប្រចាំនៅកម្ពុជា ចំនួន១១ ប្រទេសអំពីបញ្ហាក្នុងពិភពលោក ដែលកំពុងកើតមានឡើង ដើម្បីអាចឈានទៅ ដល់ដំណាក់កាលព្រមព្រៀងគ្នា ណាមួយនាពេលអនាគត ក្នុងការបញ្ចប់បញ្ហានានា ។

ការចែកបទពិសោធន៍នេះ នាឱកាសសម្តេចតេជោ បានអនុញ្ញាតឲ្យប្រតិភូ បណ្តាកុងស៊ុលកិត្តិយស អឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃ១៨ មីនា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបថា បញ្ហានៅជុំវិញពិភពលោក ដែលសម្តេចតេជោ បានលើកឡើងហើយរៀបរាប់ ដល់បណ្តាកុងស៊ុលទាំងជាង១០ប្រទេសនោះ គឺសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយប្រមាណ ជាជិត៤ឆ្នាំមកនេះ និងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច មួយចំនួនផងដែរ ។
អ្នកនាំពាក្យព្រឹទ្ធសភា គូសបញ្ជាក់ថា “ចុងបញ្ចប់នៃជំនួបនោះ សម្តេចក៏បានចែករំលែកអំពីបញ្ហា ពិភពលោកដែល កំពុងកើត មានដូចជាបញ្ហាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គ្រាមពាណិជ្ជកម្ម ជាដើមដែលចាំបាច់ ដែលភាគីទាំងអស់ ត្រូវធ្វើកិច្ចការជារួមគ្នា ក្នុងកិច្ចការសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីគោលដៅប្រយោជន៍ នៃប្រទេសទាំងសងខាង ទាំងតំបន់ក៏ដូចជាពិភពលោក” ។

បើតាមអ្នកនាំពាក្យដដែល ក្នុងជំនួបជាមួយកុងស៊ុលទាំង១១ប្រទេសនេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានបង្ហាញក្តីរំពឹងថា នឹងកាន់តែធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងប្រទេសទាំង១១ កាន់តែមានភាព រីកចម្រើនបន្ថែមទៀត ។

សម្រាប់លោកបណ្ឌិត Salah A Essa ក៏បានប្តេជ្ញាថា នឹងខិតខំធ្វើយ៉ាងណា សហការជាមួយកុងស៊ុល ទាំង១០ប្រទេសទៀត នាំអ្នកវិនិយោគមកបណ្តាក់ទុន លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៅកម្ពុជាផងដែរ ៕
