ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ កំពង់ផែរាម ខេត្តព្រះសីហនុ គឺអាស្រ័យ ដោយរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន មានគោលចំហរខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ក្នុងភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងជំនួបជាមួយលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា កម្ពុជា នឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតនៅកំពង់ផែរាម ខេត្តព្រះសីហនុមុនគេ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជំហានទី១ នៅដើមខែមេសា។

លោកអគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា «ការផ្ដល់អាទិភាពឱ្យនាវាជប៉ុន ចូលចតមុនគេ និងជាប្រវត្តិសាស្ត្រនេះ អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន មានគោលចំហរខ្ពស់ នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ។

លោកអគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នឹងបើកចំហឱ្យនាវា ប្រទេសផ្សេងៗទៀត ដែលមកទស្សនកិច្ច ឬមកចូលរួមធ្វើសមយុទ្ធនៅកម្ពុជា ចូលចតនៅកំពង់ផែរាម បន្ទាប់ពីការចូល ចតរបស់នាវាជប៉ុន ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងការថ្លែងអរគុណ របស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់ព្រមឲ្យនាវាជប៉ុន ចូលចតនៅកំពង់ផែរាមមុនគេ នេះបង្ហាញពីតម្លាភាព ក្នុងការពង្រឹងសន្តិសុខអន្តរជាតិ ៕
