ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានជំនួបពិសា អាហារសាមគ្គី ជាមួយសម្ព័ន្ធគណបក្សនយោបាយទាំង២៧ នាថ្ងៃទី២៧ មីនា ខាងមុខនេះ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍នាថ្ងៃ១៨ មីនាថា ក្នុងជំនួបជាលក្ខណៈអាហារសាមគ្គីជាមួយសម័្ពន្ធមិត្ត នៃគណបក្សទាំង២៧នេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងបង្កើននូវភាពស្និតស្នាលជាមួយគ្នាបន្ថែមទៀត ។
អ្នកនាំពាក្យបន្ថែមថា “សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបពិសាអាហារថ្ងៃត្រង់ សាមគ្គីជាមួយនឹងតំណាងគណបក្សសម្ព័ន្ធទាំង២៧ នៅវិមាន៧មករា ។ ពិធីនេះធ្វើឡើង ដើម្បីបង្កើន នូវភាពស្និតស្នាលរវាងគណបក្សសម្ព័ន្ធទាំង២៨ មានគណបក្សប្រជាជនកម្ពុជា និងគណបក្ស២៧ទៀត ដែលបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគ្នា” ។

បើតាមលោក ជា ធីរិទ្ធ ក្រោយបញ្ចប់អាហារសាមគ្គីរួចហើយ ក៏នឹងមានការរៀបចំសន្និសីទ សារព័ត៌មានផងដែរ ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សទាំង២៧ផ្សេងទៀតបានចុះហត្ថលេខាចងជាសម្ព័ន្ធជាមួយគ្នា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ ក្រោយពីការបញ្ចប់ការចុះហត្ថលេខា នៃការចងសម្ព័ន្ធមេត្រីជាមួយគ្នាហើយ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បណ្ដាគណបក្ស នយោបាយទាំង២៧ បានចុះហត្ថលេខាជាមួយគ្នានេះ គឺក្លាយជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយគ្នា ហើយគណបក្សទាំងអស់ មិនចំណុះឲ្យគណបក្សប្រជាជនកម្ពុជានោះទេ ៕
