ភ្នំពេញ៖ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុមហ៊ុន UNT នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ ចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដប ទម្ងន់សរុប ៩,៥៤០គីឡូក្រាម ។



បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ការដុតកម្ទេចចោលនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ឃាត់ទុកទំនិញទឹកដោះគោស្រស់ទាំងនេះ ដែលបានដឹកជញ្ជូនពុំមានលក្ខណៈ សមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ (ដឹកជញ្ជូនពុំបានត្រឹមត្រូវ) ។



ការដុតកម្ទេចនេះ ស្ថិតនៅទីលានចាក់សំរាម ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ៕
