ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាង ២ទសវត្សកន្លងមកនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងបានបង្ខិតសេវាកាន់តែជិតជូនប្រជាពលរដ្ឋផងដែរ។
នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្អែកទៅលើសមិទ្ធផលជាវិជ្ជមាននៃការកែទម្រង់នៃថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការកែទម្រង់នេះ ទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំ២០០៥, ការរៀបចំច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០០៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ២០០៩ និងបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
សម្តេចបវរធិបតី មានប្រសាសន៍ថា តាមរយៈការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងរយៈពេលជាង ២ទសវត្ស កន្លងមកនេះ ទន្ទឹមនឹងការកសាងបាននូវក្របខណ្ឌគតិយុត្ត រចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣កម្រិត សម្ដេច បានកត់សម្គាល់សមិទ្ធផលសំខាន់ៗចំនួន ៣ ដូចជា ៖
ទី១-ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន ការធ្វើវិមជ្ឈការ ពិតជាបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការពង្រឹងស្ថេរភាពនយោបាយ អភិបាលកិច្ច ព្រមទាំងបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលមានការចូលរួមពីប្រជាពលរដ្ឋ ការកសាងឡើងវិញនូវមូលធនសង្គម និងមូលធននយោបាយ ដែលជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព និរន្តភាព បរិយាប័ន្ន និងសមធម៌។
សមិទ្ធផលទី២ គឺការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, គោលបំណងចំបងនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងបែកចែកផលប្រយោជន៍និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាព និងសមធម៌។ សម្ដេច ថា «ដូច្នេះ ខ្ញុំចាត់ទុកថា សមិទ្ធផលទី២នេះ គឺជាសមិទ្ធផលគន្លឹះពាក់ព័ន្ធនឹងការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងបរិមាណ នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមគោលការណ៍នៃការបង្ខិតសេវាឱ្យទៅជិតពលរដ្ឋ»។
សមិទ្ធផលទី៣ គឺការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅមូលដ្ឋាន។ សម្ដេច បន្ថែមថា ភាពក្រីក្រ គឺជាបញ្ហាសង្គមដ៏ធំមួយដែលរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់កាត់បន្ថយជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយផងដែរ៕
