ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ១៨ មីនា បានធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា» ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨១៤នាក់។
ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនសិក្ខាកាម រំលឹកនូវឯកសារបណ្តុៈបណ្តាលដែលបាន សិក្សាកាលពីសប្តាហ៍កន្លងមក ដើម្បីឆ្លុះបញ្ជាំងពីការយល់ដឹងពីទស្សនៈវិជ្ចា និងបទពិសោធន៍ប្រើប្រាស់ ចំណេះដឹងក្នុងការងារប្រចាំថ្ងៃ។
ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តីបានធ្វើបទបាឋកថាលើប្រធាន ”រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា” ដែលមានគោលការណ៍សំខាន់ៗចំនួន២គឺ (១)គោលការណ៍សម័្ពន្ធភាពសកល និង (២)គោលការណ៍អភិវឌ្ឍន័។ គោលការណ៍សម្ពន្ធ័សកលផ្តោតលើទិដ្ឋភាព នៃការកកើតរបស់រូបធាតុឬបាតុភូតទាំងអស់ ដែលសុទ្ធតែមានអន្តរកម្មនឹងគ្នា រីឯគោលការណ៍អភិវឌ្ឍន៍បានសង្កត់ធ្ងន់ទៅលើ ការប្រែប្រួលមានលក្ខណៈដាច់ខាតមួយ។ ឈរនៅលើទស្សនៈវិចារវិទ្យានេះ សាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើកយកបញ្ហាដែលត្រូវដោះស្រាយ មកធ្វើការពិនិត្យអោយបានទូលំទូលាយដោយរក ឱ្យឃើញនូវបណ្តាញពាក់ពន្ធ័ទាំងអស់ ដើម្បីរិះរកដំណោះស្រាយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ដោយមានការអនុញ្ញាតពីសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ប្រធានបទស្តីពី អតិថិជនមកទទួលសេវាពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកចតុមុខ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចតុមុខ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ៕










