ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីការ ផ្តល់យោបល់ដល់សម្តេច ឱ្យបង្រួមក្រសួងចំនួន៣ចូលគ្នា រួមមានក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍជនបទ និងក្រសួងធនធានទឹកនោះថា មិនចាំបាច់បង្រួមទេ ព្រោះកម្ពុជា ជ្រើសរើសអភិក្រម ពង្រឹងជាសជាងពង្រីក ដោយគ្រាន់តែឱ្យសហការគ្នាឱ្យច្រើន ឱ្យរឹងមាំ ប្រកបដោយប្រសិទ្ធភាពល្អ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងនូវយន្តការ របស់បណ្តាប្រទេសជាច្រើន នៅលើពិភពលោក សម្រាប់ការកែ ទម្រង់មុខងារសាធារណៈ ដែលបណ្តាប្រទេសទាំងនោះ សុទ្ធតែប្រើប្រាស់យន្តការ បង្រួមដើម្បីពង្រឹង តែកម្ពុជា មានម៉ូដែលខុសពីប្រទេសទាំងនោះ ដោយកម្ពុជា ជ្រើសរើស គឺពង្រឹង ជាសជាងពង្រីក ហើយមិនបង្រួម ដើម្បីពង្រឹងនោះដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះកម្ពុជា ជ្រើសយកអភិក្រម ពង្រឹងជាសជាងពង្រីក គឺទប់ស្កាត់ នៅក្នុងការពង្រីកនៅក្នុងវិស័យមួយចំនួន ដែលមិនទាន់ចាំបាច់ លើកលែងតែអប់រំ សុខាភិបាល និងកសិកម្ម ដែលភាគច្រើន ជាផែនការឆ្នាំចាស់ ក្នុងការពង្រីក ដោយឡែកពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ គឺមិនឱ្យពង្រីក លើសពីអ្វីដែល មានស្រាប់ ។
ក្នុងនោះសម្តេចធិបតី ក៏បង្ហើបនូវការស្នើសុំតម្លើងអគ្គនាយក ដែលភាគច្រើនត្រូវបានសម្តេចបដិសេធមិនឱ្យធ្វើ ប៉ុន្តែករណីមានតម្រូវការចាំបាច់ អាចធ្វើទៅបាន ប៉ុន្តែតែការបង្កើនថ្មីនេះ ត្រូវមានកាត់កងកន្លែងណាមួយមកវិញ ដោយបាច់បំផុត មិនមែនបង្កើត ដើម្បីបង្កើតទេ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ហើយនេះជាអភិក្រម ដែលយើងបាន ធ្វើនៅក្នុងមួយ ខែជាងនេះ ហើយក្រសួងមុខងារសាធារណៈ រត់ប្រាប់ខ្ញុំរហូត ពីរឿងសតិអារម្មណ៍មន្ត្រី តែខ្ញុំសូមការយល់ ដើម្បីយើងរស់ទាំងអស់គ្នា យើងមិនប្រើអភិក្រម បង្រួមដើម្បីពង្រឹងទេ តែយ៉ាងហោចណាស់ យើងត្រូវពង្រឹងជាង ពង្រីកនូវអ្វីដែលមានស្រាប់ ធ្វើឱ្យបានល្អ ។ មានអ្នកលើកយោបល់ឱ្យខ្ញុំ ពិសេសពេលដែលខ្ញុំថ្ងៃមុននោះ ចុះទៅខេត្តកំពង់ធំ នាំរដ្ឋមន្ត្រី៣ កសិកម្ម អភិវឌ្ឍជនបទ និងធនធានទឹក មានអ្នកលើកយោបល់ឱ្យខ្ញុំ សម្តេចបង្រួម៣នឹងជាមួយគ្នាទៅ ខ្ញុំថាឥឡូវរបៀបរបបកម្ពុជាផ្សេង យើងរក្សានិងពង្រឹង៣នេះ សម្រួលភារកិច្ចឱ្យសហការគ្នាឱ្យច្រើន ឱ្យរឹងមាំ ឱ្យប្រសិទ្ធភាពល្អ រួមគ្នាធ្វើទៅ យើងអត់យកដូចខ្ញុំនិយាយ ដូចប្រទេសប៉ុន្មានដែលលើក បង្រួមដើម្បីពង្រឹង តែយើងត្រូវមានអភិក្រមមួយ ដែលតាមរបៀបយើង ប៉ុន្តែយើងត្រូវធ្វើ មិនធំ តែយើងត្រូវហ៊ានទទួលខុសត្រូវ យើងត្រូវកែសម្រួល” ៕
