ព័ត៌មានជាតិ

បេសកកម្ម នៅក្រុងសៀងហៃ ! ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីបច្ចុប្បន្នភាពថ្មីៗ នៃបរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងបេសកកម្មនៅទីក្រុងសៀងហៃ ប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបច្ចុប្បន្នភាពថ្មីៗ នៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជា ស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមការដឹកនាំតម្រង់ ទិសប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យនៅក្រុងចឹងចូវ ខេត្តហ៊ឺណាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដំណើរ បេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ទទួលជួបពិភាក្សាការងារ ជាមួយសហគ្រាស Geoharbour Construction Group, សហគ្រាស Penyao Environmental Protection, និង សហគ្រាស Tri-Wall (Shanghai) Packaging Technology ក្នុងគោលបំណងសិក្សា ស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាព ទាក់ទាញឱ្យមកបណ្តាក់ទុន វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។

ជារួម លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន ចំពោះតំណាង សហគ្រាសទាំង៣ ដែលបានអញ្ជើញមកជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ កម្ពុជា នាឱកាសបំពេញ បេសកកម្មទាក់ទាញ និងជំរុញវិនិយោគ មកកាន់ទីក្រុងសៀងហៃនេះ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការពិគ្រោះយោបល់ ជូនដល់ភាគីក្រុមហ៊ុន ដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសនានា សំដៅធានាឱ្យបានថាវិនិយោគិននឹង ទទួលបានព័ត៌មានដែលមានពិតប្រាកដច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីបានជាមូលដ្ឋានដល់ការសិក្សា សមិទ្ធិលទ្ធភាព ឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។

សូមបញ្ជាក់ជូនផងដែរថា សហគ្រាស Geoharbour Construction Group គឺជាក្រុមហ៊ុន ដែលមានមុខសញ្ញាវិនិយោគ លើការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធគាំទ្រ ដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន, កំពង់ផែ, ថាមពលដើរដោយពន្លឺព្រះអាទិត្យ, និងសួនឧស្សាហកម្ម ។ ដោយឡែក សហគ្រាស Penyao Environmental Protection គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការសាងសង់ និងប្រតិបត្តិការលើអាងប្រព្រឹត្តកម្ម, គ្រប់គ្រងកាកសំណល់, និងទឹកស្អាត ។ ចំណែក សហគ្រាស Tri-Wall (Shanghai) Packaging Technology គឺជាក្រុមហ៊ុន ដែលមានមុខសញ្ញាវិនិយោគ លើការវេចខ្ចប់គ្រឿងបង្គុំ និងបំណែកយានយន្ត៕

To Top