ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍ វិស័យកសិ-ឧស្សាហកម្ម​

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុននិករបស់ធនាគារ ABA និង​គណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុ ទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម​ ដែលជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ។

នៅក្នុងជំនួបនេះ លោក Laurent Ferreira​ ប្រធានធនាគារ​ បានគោរពជម្រាប ជូនសម្ដេចធិបតី​ អំពីវឌ្ឍនភាពអាជីវកម្ម របស់ធនាគារ ABA ​ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និង​បានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើប្រតិបត្តិការអាជីវកម្ម នៅកម្ពុជា និងដែលបានចូលរួមចំណែក ដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។

លោកប្រធានធនាគារ​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តបំពេញតួនាទីសំខាន់​ និងបន្តចូលរួមចំណែកដល់ការរីកចម្រើន នៃវិស័យធនាគារនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានអបអរសាទរ ចំពោះវឌ្ឍនភាព​ និងការរីកចម្រើនរបស់​ធនាគារ​ ABA, ជាពិសេស ការទទួលបានចំណាត់ថ្នាក់ ជាធនាគារលំដាប់ទី១ នៅកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះតួនាទី​ និងការចូលរួមចំណែក របស់ធនាគារ ABA នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធនាគារកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការ តាមប្រព័ន្ធអនឡាញ ប្រកបដោយភាពងាយស្រួល​ និងសុវត្ថិភាព។

ទន្ទឹមនឹងនោះ សម្ដេចធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញ នូវគោលនយោបាយគន្លឹះនានា របស់រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រ និង ធានានូវភាពធន់នៃប្រព័ន្ធធនាគារកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុ ទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម​ ដែលជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម ​របស់វិស័យនេះផងដែរ៕

To Top