ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំពោះសមិទ្ធផលដែលត្រូវសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់វិស័យអប់រំ នៅក្នុងខេត្តកណ្តាល និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាអាណាព្យាបាលសិស្ស នៅក្នុងក្រុងតាខ្មៅផ្ទាល់ ដែលរួមមាន៖ អគារសិក្សា ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ ខ្លោងទ្វារ និងសមិទ្ធផលនានា ។
វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលារៀនមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា “សាលាសិក្សាកម្រិត២ទីរួមខេត្ត” បង្កើតនៅក្រោយថ្ងៃរំដោះពី របបប្រល័យពូជសាសន៍ប៉ុលពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា “សាលាលិចទឹក” ព្រោះស្ថិតនៅលើដីទំនាប ដែលមានតែអគារទ្រុឌទ្រោម ។

សាលារៀននេះបានប្តូរពីអនុវិទ្យាល័យ ទៅជាវិទ្យាល័យនៅឆ្នាំសិក្សា២០០៤-២០០៥ ដែលមាន ឈ្មោះថា វិទ្យាល័យ “ហ៊ុន សែន សេរីភាព” ក្រោមការដឹកនាំរបស់ លោក ហ៊ុយ សុខា ជានាយកវិទ្យាល័យ និងបច្ចុប្បន្នគណៈគ្រប់គ្រងវិទ្យាល័យ ដឹកនាំដោយ លោកនាយក ម៉ម សុធានី ។
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យ ហ៊ុន សែន សេរីភាព មាន គ្រូសរុបចំនួន ២៤១នាក់ (ស្រី ១១៥ នាក់) មានសិស្សសរុបចំនួន ៤ ៧៨៥ នាក់ (ស្រី២ ៥១២ នាក់) ចែកចេញជា ៨៤ ថ្នាក់ និងមានអគារ ១០ ខ្នង ស្មើនឹង ១២០ បន្ទប់ (ក្នុងនោះអគារសម្តេចតេជាមាន ៦ ខ្នង ស្មើ ៦៣ បន្ទប់) និងមានអគារសម្រាប់ការបង្រៀន អគារការិយាល័យ បន្ទប់ប្រជុំ បណ្ណាល័យ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សម្ភារ បន្ទប់រៀបចំអាហារសម្រន់ បន្ទប់សំឡេង អាហារដ្ឋាន បន្ទប់ទឹក និងកន្លែងលាងដៃ ជាដើម៕
