ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យអាណាព្យាបាលសិស្ស ត្រូវផ្តល់ការទុកចិត្តលើការអប់រំ ប្រៀនប្រដៅរបស់លោកគ្រូ-អ្នកគ្រូ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យឪពុកម្តាយ ឬអាណាព្យាបាលសិស្ស ត្រូវផ្តល់ការទុកចិត្តទៅលើការអប់រំ ប្រៀនប្រដៅរបស់លោកគ្រូ អ្នកគ្រូ តាមរយៈសហការរួមគ្នា ទំនាក់ទំនងជាមួយគ្នា កុំឆាប់ប្រតិកម្ម ជាពិសេសតាមរយៈបណ្តាញសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍ផ្ទាល់របស់សម្តេច កាលពីក្មេង ដែលធ្វើខុសទទួលការស្តីបន្ទោសពីលោកគ្រូ អ្នកគ្រូ ហើយ គឺមិនអាចទៅប្រាប់ឪពុកម្តាយបានទេ ប្រាកដជានឹងត្រូវថែម ដោយជំនាន់នោះ ឪពុកម្តាយ និងអាណាព្យាបាល បានប្រគល់ការទុកចិត្ត ទៅដល់លោកគ្រូអ្នកគ្រូ មានភាពជិតស្និតនឹងគ្នា និងយល់ពីគ្នា លើការអប់រំ ប្រៀនប្រដៅដល់កូនៗរបស់ខ្លួន ។

ដែលសម្តេចធិបតីថា ការចូលរួមសហការពីគ្រប់ភាគីនេះសំខាន់នោះ ធ្វើឡើងតាមរយៈការបង្កើតការទុកចិត្ត និងសហការគ្នាអប់រំ ក្នុងនោះអប់រំ មាន៣ ដែលធ្វើឱ្យប៉ះពាល់ទៅដល់មនុស្ស ទី១ក្នុងសាលា ទី២នៅក្នុងផ្ទះ ទី៣នៅក្នុងបរិស្ថានសង្គម ខណៈដែលបរិស្ថានសង្គម ងាយជាងគេធ្វើឱ្យសិស្សរេលឿន ដូច្នេះហើយតម្លៃមនុស្ស ​ត្រូវកំណត់ និងបង្រៀនឱ្យច្បាស់នៅផ្ទះ ហើយនៅសាលា ។

សម្តេចធិបតី មានប្រសាសន៍ថា “ចឹងឪពុកម្តាយ និងគ្រូ ត្រូវតែយល់គ្នា ហើយទុកចិត្តគ្នា សហការគ្នាធ្វើ ដែលពាក្យខ្មែរយើងថា ឪពុក​ម្តាយបង្កើត គឺជាឪពុកម្តាយទី១ លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទី២ ម្នាក់បង្កើតជីវិត ថែរក្សាឱ្យធំធាត់ចិញ្ចឹមឱ្យរស់ ផ្តល់ឱកាសឱ្យមករៀន ទំនុកបម្រុង លោកគ្រូ អ្នកគ្រូ ឪពុកម្តាយទី២ ជួយបំពាក់បញ្ញាញាណស្មារតី ទៅជាមនុស្សពេញ ចំណេះដឹងសមត្ថភាព ដើម្បីក្លាយទៅជាធនធានល្អ ចឹងឪពុកម្តាយទី១ និងឪពុកម្តាយទី២ ត្រូវរួមគ្នា ត្រូវថែរក្សាគ្នា” ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានរំលឹកនូវព្រឹត្តិការណ៍ ដែលសិស្សានុសិស្ស បានប្រព្រឹត្តិនៅកំហុស ដែលលើសពីព្រំដែនវិន័យ និងត្រូវបានលោកគ្រូ អ្នកគ្រូ ដាក់ពិន័យ ដោយឡែកបន្ទាប់ពីទទួលពិន័យ សិស្សានុសិស្ស បែរជាយករឿងនេះ ទៅប្រាប់ឪពុកម្តាយ ឬអាណាព្យាបាលខ្លួន ដោយផ្ទាល់ ដោយមិនទទួលស្គាល់កំហុសខ្លួន ហើយចោទទៅកាន់លោកគ្រូ អ្នកគ្រូ ប្រើប្រាស់ហឹង្សាដាក់ខ្លួនជាដើម នាំឱ្យអាណាព្យាបាលប្រតិកម្មភ្លាម បង្កើតទៅជារឿងយល់ច្រឡំនឹងគ្នា រវាងគ្រូ និងអាណាព្យាបាល ។

ជាមួយគ្នានេះ សម្តេចធិបតី លើកឡើងថា មានករណីខ្លះ ឪពុកម្តាយ ឃើញថាកូនចេញពីផ្ទះម៉ោង៧មកសាលា ហើយត្រឡប់ទៅផ្ទះម៉ោង១១ មិនប្រាកដថា កូនៗរបស់ខ្លួនបានរៀនសូត្រដូចសិស្សដទៃនោះទេ មានសិស្សានុសិស្សខ្លះ លបលួចមិនចូលរៀនជាដើម ដែលនេះ ទាមទារឱ្យមានទំនាក់ទំនងរវាងគ្រូ និងអាណាព្យាបាល តួយ៉ាងបច្ចុប្បន្នេះ បើករណីនេះកើតឡើង ច្បាស់ណាស់ ម្តាយឪពុកប្រាកដជាដឹង តាមរយៈការជូនដំណឹងពីលោកគ្រូ អ្នកគ្រូ តាមគ្រុបដូចជាតេឡេក្រាមជាដើម ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា “ចឹងបាត់ភ្លាម ឪពុកម្តាយ និងគ្រូ គឺដឹងគ្នាភ្លាម ហើយសូមឱ្យមានការទុកចិត្តរវាងគ្រូ និងឪពុកម្តាយ ឪពុកម្តាយទី១ និងឪពុកម្តាយទី២ ហើយក្នុងគោលនយោបាយ ពង្រឹងមូលដ្ឋាននេះ គឺយើងដាក់គោលដៅ នៅក្នុងការពង្រឹងនៅក្នុងការចូលរួមរបស់សហគមន៍ ដែលខ្ញុំហៅថា PCP ភាពជាដៃគូរវាង រដ្ឋ និងសហគមន៍ ដើម្បីវិស័យអប់រំ ដើម្បីអប់រំកូនឱ្យបានល្អនោះ គឺត្រូវមានការចូលរួម កន្លែងខ្លះ បើសិនជាឪពុកម្តាយចូលរួមគាំទ្រ មិនត្រឹមតែវិន័យ សណ្តាប់ធ្នាប់ បើសិនជាលោកគ្រូ អ្នកគ្រូចង់ពង្រឹងវិស័យ ឪពុកម្តាយ អត់ដេញកូនឱ្យមករៀនទាន់ម៉ោងក៏ពិបាក” ៕

To Top