ព័ត៌មានជាតិ

លោក ស សុខា ៖ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបានប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នងដ៏រឹង មាំរបស់ជាតិ និងប្រជាជន

ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបានប្រមូលផ្ដុំ បានប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន។

ការលើកឡើងរបស់ លោក ស សុខា នាឱកាសអញ្ជើញ ជាតំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តាមរយៈប្រព័ន្ធវីដេអូ និងនៅសណ្ឋាគារ Garden City Hotel Phnom Penh សម្រាប់អង្គសន្និបាត។

មានប្រសាសន៍បើកសន្និបាតនាឱកាសនោះ លោក ស សុខា បានថ្លែងអំណរគុណ លោក ប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្តដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ព្រមទាំងបានកោតសរសើរ និងវាយតម្លៃប្រកបដោយការ លើកទឹកចិត្តខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជន ស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ និងប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤។

លទ្ធផលការងារសំខាន់ៗនោះ ត្រូវបានលោក ស សុខា កត់សម្គាល់ជាអាទិ៍ ការចូលរួមរៀបចំកម្មវិធីសាទរកម្ពុជា ការចូលរួមក្នុងកម្មវិធីកីឡា ការធ្វើសកម្មភាពសង្គមតាមគ្រឹះស្ថានឧត្តមសិក្សា និងតាមសហគមន៍ ការរៀបចំសិក្ខាសាលា បាឋកថានិងវគ្គបណ្ដុះបណ្ដាលជាច្រើននៅតាមគ្រឹះស្ថានឧត្តមសិក្សា ការកៀរគរយុវជនឱ្យចូលរួមសកម្មភាពនានា និងចូលជាសមាជិក ស.ស.យ.ក. និងការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភនិងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិមាតុភូមិនិងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ។

សូមបញ្ជាក់ថា សន្និបាតឆ្នាំនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញ នូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ដោយមានការធ្វើបទ អន្តរាគមន៍លើប្រធានបទចំនួន៥ ទាក់ទងទៅនឹងការសិក្សាជំនាញ STEAM តម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការចូលរួមចំណែក របស់យុវជនក្នុងសង្គមជាតិ និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។ ពិធីបិទសន្និបាត នឹងបន្តប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែមីនា ដដែលនេះ៕

To Top