ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវពង្រឹងលើការបង្រៀន សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ដល់ទី១២ ដើម្បីឲ្យមានចំណេះពិតប្រាកដ ជៀសវាងនៅពេលចូលប្រឡង ចូលក្របខណ្ឌរដ្ឋសរសេរ អក្សរមិនត្រង់ជួរបន្ទាត់ ។
ក្នុងវេទិកាអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានផ្តល់អនុសាសន៍ថា ត្រូវតែមានមូលដ្ឋានរឹងមាំ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ វិទ្យាល័យ ដើម្បីមានមូលដ្ឋានគ្រឹះ ពេលទៅសិក្សា ថ្នាក់មហាវិទ្យាល័យ ដើម្បីចេញទៅបម្រើការងារ ទាំងក្នុងវិស័យរដ្ឋនិង ឯកជនត្រូវ តែជាអ្នកចេះពិតប្រាកដ។
សម្តេចបន្តថា ក្នុងនោះក៏ត្រូវរួមគ្នា ពង្រឹងអប់រំបណ្តុះបណ្តាលលើអត្តចរឹក និងឥរិយាបថផងដែរ ដើម្បីបានធនធានមនុស្ស ដ៏មួយល្អនៅក្នុងសង្គមជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា “បឋមសិក្សាគឺជាមូលដ្ឋាន មធ្យមសិក្សាកម្រិត១ កម្រិត២ដែលយើងថា អនុវិទ្យាល័យ វិទ្យាល័យនេះ យើងត្រូវតែធ្វើ ។ ដូចខ្ញុំនិយាយ១២ឆ្នាំនេះ បើរឹងមាំ១២ឆ្នាំហើយ គឺយើងអាចមិនព្រួយ បារម្ភពេលទៅប្រឡងមន្រ្តី ។ មន្រ្តីចូលទៅគាត់ អាចមានសមត្ថភាព កុំឲ្យចូលប្រឡងជាប់ ចូលទៅសរសេរអក្សរ មិនត្រង់ជួរឬយ៉ាងម៉េច?” ។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ដូច្នេះក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចផ្ទាល់ បានច្បិតយកត្តាអប់រំជាចម្បង ដោយបានបង្កើតគណៈកម្មការអប់រំ ដើម្បីពង្រឹងវិស័យអប់រំកម្ពុជា ដែលផ្តោតលើបឋមសិក្សាមុនគេ ។ ក្នុងនោះបានកំណត់យក សាលាប្រមាណជា៧ពាន់សាលា ក្នុងចំណោមជាង១ម៉ឺនសាលា ធ្វើជាគោលដៅក្នុង ការបណ្តុះបណ្តាលឲ្យមានចំណេះវិជ្ជាពិតប្រាកដ ដោយអនុវត្តជាជំហានៗ ទោះបីជាសាលាខ្លះ មានបំពាក់កុំព្យូទ័រ និងអត់កុំព្យូរទ័រក៏ដោយ ក៏ត្រូវពង្រឹងលើចំណេះជំនាញ និងអកប្បកិរិយាបថឲ្យបានសមរម្យ ៕
