ភ្នំពេញ៖ ក្នុងពេលណែនាំ ដល់លោកគ្រូ អ្នកគ្រូ ត្រូវបង្កើតទំនាក់ទំនង ជាមួយអាណាព្យាបាលសិស្ស ប្រៀបបានបង្កើត ញាតិបន្ថែម និងអាចជួយយកអាសាគ្នា ក្នុងពេលណាមួយដែលជួបការលំបាកនោះ សម្តេចធិបតី ក៏បានរំលឹក រឿងកាលពីឆ្នាំ២០១៣ ដែលពេលនោះជួបបញ្ហា ហើយត្រូវបានមនុស្សមួយភូមិរត់មកជួយ ដែលធ្វើឱ្យសម្តេចមានក្តីរំភើប និងសប្បាយចិត្ត នៅពេលបានឃើញ ការស្រលាញ់រាប់អាន ពីអ្នកភូមិដាច់ស្រយាលបែបនេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ឱ្យលោកគ្រូ អ្នកគ្រូ បង្កើតទំនាក់ទំនង ជាមួយអាណាព្យាបាលសិស្ស តាមរយៈការជួបផ្ទាល់ ឬមានជាគ្រុបផ្តល់ដំណឹង ដោយការបង្កើតនេះ ប្រៀបបានបង្កើតញាតិ បន្ថែមដល់ខ្លួនឯង (លោកគ្រូ-អ្នកគ្រូ) ក្នុងពេលដែលការបង្រៀន ដល់សិស្សានុសិស្ស ឱ្យបានល្អ គឺប្រៀបបានធ្វើអំពើល្អ ជាមួយអាណាព្យាបាលសិស្សផងដែរ ហើយអាចនឹងតបស្នងមកវិញ ក្នុងពេលមានអាសន្នណាមួយកើតឡើង ដែលមិនអាចមើលឃើញ នាពេលខាងមុខ ។
តួយ៉ាងសម្តេចផ្ទាល់ កាលពីសម្តេចអញ្ជើញ ធ្វើដំណើរ ពីខេត្តត្បូងឃ្មុំ ទៅកាន់កងមាស អំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត នៅអំឡុងឆ្នាំ២០១៣ ដោយធ្វើដំណើរ តាមផ្លូវស្ងាត ហើយជួបឧបសគ្គ រអិលផ្លូវ ធ្លាក់រថយន្តមិនអាច បន្តដំណើរបាន តែដោយសារអំពើល្អ ដែលសម្តេចបានសាង ប្រជាជននៅតំបន់ដាច់ស្រយាលស្គាល់ និងស្រលាញ់សម្តេច បានចេញមកជួយយកអាសាសម្តេច ដោយមិនបាច់ប្រើប្រាស់កងកម្លាំងអ្វីឡើយ ដែលនេះ សម្តេចធិបតី ចាត់ទុកថា អំពើល្អ នឹងទទួលបានការការពារ និងជួយពីប្រជាជន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ប្រជាជនមួយភូមិចេញមកជួយរុញឡាន ពេលនឹងដែលខ្ញុំបានថា អំពើល្អ យើងមានការការពារ និងជួយពីប្រជាជន ត្រូវធ្វើកិច្ចការងារនេះ លោកគ្រូ អ្នកគ្រូ ធ្វើការងារល្អ ជួយបង្រៀនកូន បានឱ្យប្រជាពលរដ្ឋ គាត់នឹងស្រលាញ់ហើយ ។ គាត់រត់ចេញ គាត់បាត់ពេលយប់ ប្រហែលម៉ោង១០ គាត់ចេញមកវិញ មួយភូមិ គាត់ទៅជួយឯកឧត្តម ហ៊ុន ម៉ាណែត នាំមករុញឡាន គាត់ទាញ ខ្សែពួរគាត់មកផង ខ្ញុំពេលនោះ រំភើបមែនទែន ឡានតែ២-៣ឡាន អត់មានខ្សែអត់មានអី គាត់ឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត គាត់រត់បាត់ គាត់រត់ទៅហៅគ្នាមួយភូមិ ហើយនៅពេលឡានចេញ គាត់ចេញមកគាត់ឈរ ជំរាបសួរ ទះដៃអី និយាយរួមនេះ គេថា អត់ចាំបាច់ទៅទូរសព្ទហៅ កម្លាំងប៉ូលីស អាវុធហត្ថ ជួយសណ្តោងទេ ប្រជាជននៅភូមិនៅកន្លែងដាច់ស្រយាល ។ ម៉ោង១០យប់ គាត់មានជម្រើសពីរ គាត់ឈរមើល បន់ថា ទៅមិនបាច់ទេ ឱ្យផុងទៅ តែជ្រើសរើស រត់ទៅហៅគ្នា ហើយបើប្រជាជន នៅភូមិគាត់មិនស្រលាញ់ គាត់មិនជួយទេ តែមួយភូមិចេញមកស្រុះ ដៃគ្នាជួយរុញ ជួយអូស”៕
