ព័ត៌មានជាតិ

ក្នុងវេទិកា កម្ពុជា-ចិន ! លោក ស៊ុន ចាន់ថុល ៖ វិនិយោគិន និងធុរជន នឹងស្វែងយល់ ដោយផ្ទាល់នៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈវេទិកាកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញ សុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នឹងពិនិត្យលទ្ធភាព និងឱកាសអញ្ជើញមកសិក្សា ស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រៀបចំឡើងដោយ សម្ព័ន្ធភស្តុភារកម្មសកល ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និង កាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សហគមន៍ ធុរកិច្ចដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តី សោមនស្សរីករាយក្រៃលែង បានចូលរួមក្នុងវេទិកា ដ៏មានសារៈសំខាន់ នាឱកាសនេះ ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពី សក្តានុពល វិជ្ជមាននានា របស់ព្រះរាជា ណាចក្រកម្ពុជា មានជាអាទិ៍ (១)សុខសន្តិភាព ស្ថិរភាពនយោបាយ (២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានលំនឹងវិជ្ជមាន (៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត និងបើកទូលាយទទួល យកការបណ្តុះបណ្តាលថ្មីៗ (៤) រាជរដ្ឋាភិបាល ដែលគាំទ្រដល់វិស័យឯកជន (៥) របបវិនិយោគ ដែលមានភាពទាក់ទាញ បត់បែន និងអនុគ្រោះ (៦) ហេដ្ឋារចនាសម្ព័ន្ធ អន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់ តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា និង (៧) ទីតាំងភូមិសាស្ត្រ ដែលមានអំណោយផលខ្ពស់ ។

តាមរយៈវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយម យ៉ាងមុតមាំថា «វិនិយោគិន និងធុរជនដែល បានអញ្ជើញចូលរួម នឹងពិនិត្យលទ្ធភាព និងឱកាសអញ្ជើញមកសិក្សា ស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយបន្តនូវបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចទីក្រុងសៀងហៃ ឱ្យកាន់តែទូលំទូលាយ បន្ថែមមួយកម្រិតទៀត»។

សូមជម្រាបជូនផងថា ឆ្លៀតឱកាសនៃវេទិកាខាងលើ លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល ត្រូវបានចុះហត្ថលេខា ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

To Top