ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថាអគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំ សុខភាពជូនពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ។ រដ្ឋមន្រ្តីក៏បានកោតសរសើរ ចំពោះការរីកចម្រើន នៃវិស័យសុខាភិបាល នៅទូទាំងខេត្ត ដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបានការងារ ជាច្រើន ដូចជា៖ ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺទាំងការពិនិត្យជំងឺក្រៅ និងការសម្រាកពេទ្យ , លើកកម្ពស់កម្មវិធីសុខភាពបន្តពូជយុវវ័យ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ , កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង , កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត , ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា វឌ្ឍនភាពទាំងនេះ មិនកើតឡើងដោយចៃដន្យនោះទេ គឺពិតជាបានកើតឡើង ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅអាទិភាព ចំពោះមុខ ដោយផ្ដោតលើការពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ។ សមិទ្ធផលទាំងអស់នេះ មិនអាចកាត់ផ្តាច់បានពីការលះបង់របស់ថ្នាក់នាំ ជាពិសេសការដឹកនាំ ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តថែរក្សា ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។

ទន្ទឹមនឹងការកោតសរសើរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជាប្រយោជន៍ ក្នុងការបង្កើនការអនុវត្តជំរុញកែលម្អ គុណភាពសេវាបន្ថែមទៀតដូចជា ៖ បន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសណ្តាប់ធ្នាប់ ក៏ដូចជាពង្រឹងការគ្រប់គ្រងឱសថ ម៉ាស៊ីន ឧបករណ៍ សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។ វេជ្ជបណ្ឌិត និង គិលានុប្បដ្ឋាក ត្រូវដើរទន្ទឹមគ្នា សហការគ្នា ទាំងបច្ចេកទេស និងក្រមសីលធម៌ ។ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹង ព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត។ ត្រូវបន្តពង្រឹងនូវសមត្ថភាពគ្រូពេទ្យកុមារ ដើម្បីសង្គ្រោះកុមារ និងទារក តាមបច្ចេកទេសត្រឹមត្រូវ ដើម្បីកុមារមានសុខភាពល្អ កុមារជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ៕










