ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឆ្លៀតឱកាស ពីការចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនាបានឈាងចូលទៅពិនិត្យស្ថានភាព ទូទៅនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួននៅខេត្តក្រចេះ និងកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ដល់ប្រធានមណ្ឌលសុខភាពឡើយ ។
មណ្ឌលសុខភាពនិងមន្ទីរពេទ្យដែលសាស្រ្តាចារ្យ ឈាង រ៉ាចូលពិនិត្យនោះរួមមាន ៖ មណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ , មន្ទីរពេទ្យបង្អែកឆ្លូង និងមន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសចុះពិនិត្យមន្ទីរពេទ្យទាំង៣ទីតាំងនេះ សាស្រ្តាចារ្យរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍និងណែនាំស្រដៀងគ្នាទៅដល់ក្រុមគ្រូពេទ្យថា ត្រូវបន្ដខិតខំបំពេញការងារឱ្យកាន់តែល្អ និងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខភាពជូនប្រជាជននៅក្នុងភូមិឃុំរបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋពីចម្ងាយផងដែរ។
លើសពីនោះរដ្ឋមន្រ្តីក៏ផ្តាំថា ត្រូវបន្ដអភិវឌ្ឍជំនាញរបស់ខ្លួន ឥរិយាបទវិជ្ជមាន ប្រកបដោយភាពបុរេសកម្ម សំដៅប្រសិទ្ធភាព សុវត្ថិភាពគ្រប់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាជន ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់មូលនិធិសមធម៌ និងជនអនាថា។
ជាមួយគ្នានោះ សាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះ ដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព ជាពិសេសលើកទឹកចិត្ដដល់មន្ដ្រីទាំងអស់ បន្ដសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ដើម្បីសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កសិទ្ធភាព សមធម៌ និងភាពកក់ក្ដៅ៕












