ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមការតភ្ជាប់បំពង់មេ នាំទឹកឆៅដោយពុំផ្ដាច់ការ ផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់កោះនរា

ភ្នំពេញ ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង ការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន ។

គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា ជាគម្រោងជំនួសស្ថានីយបូមទឹក ឆៅក្ដីតាកុយ ដើម្បីជួយសម្រួលដល់ គម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ក្រុមហ៊ុន OCIC ។

គម្រោងនេះនឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅ ដែលមានសមត្ថភាពសរុប ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (ដែលរួមបញ្ចូលសមត្ថភាព មានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយ ចំនួន ២៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ) ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅ ទំហំមុខកាត់ ១.៤០០មម ចំនួន២ខ្សែប្រវែង ១.៦០០ម៉ែត្រ ។

តាមការសិក្សាកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មី កោះនរា មកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅ លើបណ្ដោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាព ផលិត ២៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ រយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិត សរុប របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១ លាននាក់ ៕

To Top