ព័ត៌មានជាតិ

លោក ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិ និយមដល់យុវជន ឱ្យស្រលាញ់ និងស្នេហាជាតិ តាមការណែនាំ របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សា វិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយម ដល់យុវជនទាំងអស់ ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំ របស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។

ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក លោក ស សុខា អនុប្រធាន ស.ស.យ.ក. និង ជាប្រធាន ក.យ.គ. បានផ្តល់តម្លៃខ្ពស់ ចំពោះស្មារតីស្រលាញ់ស្នេហាជាតិ របស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេន ត្រូវតែបន្តបំផុសស្មារតី ជាតិនិយមនេះឱ្យខានតែបាន។

ពីសណ្ឋាគារ Garden City Hotel Phnom Penh នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក បានចាត់ទុកសកម្មភាព ចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថាន ឧត្តមសិក្សា និងគ្រឹះស្ថាន សិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញ អំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុង ការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់។

ក្នុងស្មារតីនេះ លោក បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់ឯកឧត្ដម ហ៊ុន ម៉ានី បាន និងកំពុងបំពេញបេសកកម្មស្នូល ដោយទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ក្នុងការប្រមូលផ្ដុំយុវជន នៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងឆន្ទៈតែមួយ បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងអនាគតដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចីរភាព។

ដើម្បីប្រែក្លាយកម្លាំងយុវជន ឱ្យទៅជាកម្លាំងចលករ ប្រកបដោយសក្ដានុពលជាឆ្អឹងខ្នង និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ លោក ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំសមាជិក សមាជិកា ក.យ.គ.ទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីអនុវត្តផែនការសកម្មភាព ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡាការកៀរគរយុវជន ឱ្យចូលរួមសកម្មភាពនានា របស់ ស.ស.យ.ក. ព្រមទាំងជំរុញ និងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក. តាមប្រព័ន្ធ UYFC App ។

យោងតាមរបាយការណ៍ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានសម្រេចលទ្ធផលការងារចំនួន ៨១,៧៣% ពោលគឺខ្ពស់ជាងលទ្ធផល ការងារក្នុងឆ្នាំ២០២៣ ដែលសម្រេចបានចំនួន ៧០,១៦% នៃផែនការ។

គួរបញ្ជាក់ថា អង្គសន្និបាត ក.យ.គ បានដំណើរការរយៈពេល១ថ្ងៃ តាមកម្មវិធីបានគ្រោងទុក ដោយមានការចូលរួមយ៉ាងសកម្ម និងផុលផុសពីសំណាក់សមាជិក សមាជិកាទាំងអស់សរុបជាង ៥០០នាក់ ដែលជាការប្រមូលផ្ដុំបញ្ញវន្តមកពីគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈ ចំនួន ១៤៥ ទូទាំងប្រទេស៕

To Top