ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋបានបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅ ក្នុងការទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស. ដោយសារក្រុមគ្រូពេទ្យមិនមានការរើសអើង ហើយយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលចំពោះអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ។

លោកស្រី សយ សុភាស់ សមាជិក ប.ស.ស. បានលើកឡើងថា នៅពេលដែលលោកស្រី និងក្រុមគ្រួសារ បានមកទទួលសេវាថែទាំ និងពិនិត្យសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង ពិតជាសប្បាយចិត្តនិងពេញចិត្តជាខ្លាំង ដោយសារក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រភេទអ្វីនោះទេ ។ លោកស្រីបន្តថា ពេលដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺបានជួយសម្រាលលើបន្ទុក ចំណាយបានច្រើនណាស់ នៅពេលគាត់ឈឺត្រូវទៅពេទ្យ ដែលនេះពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ។

ជាមួយគ្នានេះ លោកស្រី ជា ណៃអេន ជាសមាជិក ប.ស.ស. ក៏បានលើកឡើងផងដែរថា លោកស្រីមកពិនិត្យនិងព្យាបាលសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ ប្រសិនបើមិនមានប្រើប្រាស់ប័ណ្ណ ប.ស.ស. នោះទេ ម្លោះលោកស្រីប្រហែលជា ត្រូវចំណាយច្រើនលើថ្លៃសេវាព្យាបាល។ លោកស្រី បានបង្ហាញការពេញចិត្ត ចំពោះការទៅទទួលសេវា និងបានលើកឡើងពីការពិតថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់សម្រាប់ពលរដ្ឋគ្រប់រូប ជាក់ស្ដែងគឺ សម្រាប់ក្រុមគ្រួសាររបស់លោកស្រីផ្ទាល់តែម្ដង ។

ជាមួយគ្នានេះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការងារ និង ក្រសួងសុខាភិបាល ដែលបានដាក់ចេញ នូវគោលនយោបាយថ្នាក់ជាតិ ដ៏ល្អមួយនេះ ជួយធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយចំណាយ ដែលជាគន្លឹះក្នុងការពង្រឹង សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ ។ បន្ថែមពីនេះបានផ្ដល់ការយកចិត្តទុកដាក់ ពិសេសគឺការផ្តល់ការធានារ៉ាប់រង សុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស. ។ ពួកគាត់ក៏បញ្ជាក់បន្ថែមថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាលផងដែរ ។

លោក ម៉េង សុភក្ដី ប្រធានក្រុមភ្នាក់ងារមន្ទីរពេទ្យថ្នាក់ជាតិ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា សម្រាប់ការ មកទទួលសេវាពិនិត្យព្យាបាល ក៏ដូចជាការថែទាំសុខុមាលភាពផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិក ប.ស.ស. ពីមួយថ្ងៃទៅមួយ ថ្ងៃមានកំណើន ដោយចំនួនសមាជិក គឺកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយស្របជាមួយគ្នានេះដែរ ក្រុមការងារ ប.ស.ស. តែងតែយកចិត្តទុកដាក់ និងជួយសម្រប សម្រួល ដល់សមាជិក ប.ស.ស. ។ លោកបានបន្តថា គ្រប់ពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅទីនេះ គឺនឹងទទួលបាន ការ ផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាង យកចិត្តទុកដាក់ខ្លាំងបំផុត។

សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ ប.ស.ស. គ្រាន់តែដើមឆ្នាំ២០២៥ គិតចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវា នៅតាមមូលដ្ឋាន សុខាភិបាលដៃគូ ប.ស.ស. សរុបប្រមាណជា ៩០៨ ៦០៨ ដង-នាក់ ក្នុងនោះសមាជិក ប.ស.ស. តាមរបបភាគទាន ជាកាតព្វកិច្ចមានសរុបប្រមាណ ៧០៦ ៨០៦ ដង-នាក់ ៕

To Top