ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ នាថ្ងៃ២១ វិច្ឆិកានេះបានឲ្យដឹងថា តំណាងអយ្យការ អមសាលាដំបូង ខេត្តកំពង់ស្ពឺ បានអនុញ្ញាត ឱ្យអ្នកបើកបររថយន្តធុនធំ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំស្រួច វិលត្រឡប់ទៅ គេហដ្ឋានវិញ ។ នេះបើតាមសេចក្តីបំភ្លឺ របស់ស្នងការកំពង់ស្ពឺ។

បើតាមស្នងការខេត្ត គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូ ម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យមនុស្ស៣ នាក់ ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែង ប្រមែប្រមូលភស្តតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញ នីតិវិធីកំណត់ដោយច្បាប់សុក្រឹតត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អរវាង អ្នកបើកបររថយន្តឈ្មោះ ឡាំ កាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្ត បំពេញការងារ តាមជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់ នៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួចយ៉ាងសុក្រឹត បំផុត ។ បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលភស្តុតាងនិង ប្រភពពត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្តរួចមកសមត្ថកិច្ចរកឃើញថា អ្នកបើកម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស ៣នាក់ លើសចំនួន កំណត់របស់ច្បាប់ និងបើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមាន គំនូសជាប់បង្អួតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត១គ្រឿង ដែលកំពុងធ្វើដំណើរបើកបរ បញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ចំណែកឯអ្នកបើកបររថយន្តវិញបានបញ្ជាក់ថា ខ្លួនបើកបរដោយគ្មានប័ណ្ណបើកបរ ករណីនេះអ្នកបើកបរប្រឈម នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ៧៥ថ្មី។ ជាកាតព្វកិច្ចច្បាប់កំណត់ ក្នុងនាមនគរបាលយុត្តិធម៌ លើបទល្មើសចរាចរណ៍ ត្រូវរាយការណ៍ជូន ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានជ្រាប និងមានចំណាត់ការ ។ ជាឆន្ទានុសិទ្ធិតាមច្បាប់ស្ថាប័ន អយ្យការសម្រេចបន្តនីតិវិធីករណី អ្នកបើកបរដោយគ្មានប័ណ្ណ បើកបរតាមមាត្រា ៧៥ថ្មីខាងលើ ដើម្បីពិនិត្យទិដ្ឋ ភាពច្បាប់ប៉ុណ្ណោះ ពុំមែនបន្តនីតិវិធី តាមអង្គហេតុម៉ូតូ បើកបញ្ច្រាសទិស ចូលរថយន្តនោះទេ ។ មកដល់ពេលនេះ តំណាងអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យអ្នកបើកបររថយន្តវិល ត្រឡប់ទៅគេហដ្ឋានវិញ ហើយ៕
