ព័ត៌មានជាតិ

ថ្ងៃទី១​ នៃពិធីបុណ្យទន្លេក្នុងខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរណ៍ជាង ១០ម៉ឺននាក់ មកចូលរួមលេងកម្សាន្ដ

តាកែវ​ ៖ ព្រឹត្តការណ៍មួយដ៍អស្ចារ្យនៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវ នៅថ្ងៃទី២១ខែ មិនា ឆ្នាំ ២០២៥ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងពលរដ្ឋនៅក្នុងខេត្តតាកែវ មកចូលរួមលេងកម្សាន្តសប្បាយប្រមាណជាង១០ម៉ឺននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឲ្យដឹងថា សម្រាប់ពិធីបុណ្យទន្លេនៅថ្ងៃទី១នៃពិធីបុណ្យទន្លេនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋ ចំនួន ១០១,៣៦៧ នាក់បានមកចូលរួមដើរលេងកម្សាន្តនៅទីតាំងបុណ្យទន្លេនៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន ២៦០នាក់ផងដែរ។

ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែននាយសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា សមត្ថកិច្ចបានធ្វើការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ បានយ៉ាងល្អប្រសើរនៅថ្ងៃទីមួយនេះ ពោលពុំមានបញ្ហាអ្វីកើតឡើងនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី១នៃពិធីបុណ្យទន្លេដែលរៀបចំធ្វើឡើង នៅសួនច្បារមាត់បឹងតាកែវ មានការរត់ប្រណាំងមហាជនរយៈចម្ងាយ៥គីឡូម៉ែត្រ ដោយមានអ្នកចូលរួមជាង១ពាន់នាក់ និងមានការជិះទូកកាយ៉ាក់ លេងកម្សាន្តសប្បាយនៅបឹងតាកែវ ការប្រកួតលេងអុក និងមានកីឡាជាច្រើនទៀត។

ដោយឡែកនៅពេលរាត្រីមានការសម្តែងល្ខោនយីកេ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនីល្បីៗ ការតាំងពិពរណ៍សមិទ្ធផលសក្ដានុពលរបស់ខេត្តតាកែវ ព្រមទាំងមានការបង្ហោះគោម និងការអុចកាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យទន្លេឱ្យសារធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយផងដែរ៕

To Top