តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់វិស័យធនាគារឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ សហគមន៍ខ្នាតតូចៗ ដែលមានភាពរឹងមាំ និងសក្តានុពល តាមរយៈការផ្តល់ឥណទាន ក្នុងអត្រាការប្រាក់ទាប ។
ការស្នើរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ។
ក្នុងឱកាសនោះ សម្តេចធិបតី បានអំពាវឱ្យប្រជាពលរដ្ឋនៅសហគមន៍ ខិតខំយ៉ាងណា កសាងឱ្យបាននូវសហគមន៍រឹងមាំ ដោយឯកភាពគ្នា ជួយគ្នារស់ ជួយគ្នារីកចម្រើន ទើបអាចជោគជ័យ ។ បន្ថែមលើនេះ សម្តេចធិបតី សង្កត់ធ្ងន់ថា រដ្ឋអាចជួយ និងអ្នកក្រៅ អាចជួយមួយចំនួន ប៉ុន្តែដែលអាចជួយឱ្យ រស់ពិតប្រាកដ គឺអ្នកក្នុងសហគមន៍ផ្ទាល់នេះឯង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិវឌ្ឍជាពិសេសទៅលើទេសចរណ៍ខ្នាតតូច ទេសចរណ៍បែបធម្មជាតិ ទេសចរណ៍សហគមន៍នេះ គឺត្រូវភ្ជាប់ ។ តួរយ៉ាង គ្រាន់តែការធ្វើនេសាទរបស់សហគមន៍ដែលមានជាយូរឆ្នាំមកហើយ ក៏អាចបង្កើតជាកន្លែងទាក់ទាញនូវទេសចរណ៍ ដែលចង់មើលអ្វីប្លែកៗ ដូចជាការទិញលក់ត្រី ដោយបង្កើតជាអាហារដ្ឋាននៅនឹងកន្លែងជាដើម ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ហើយខ្ញុំគិតថា យើងការជួយ សម្រួលពង្រឹងនេះ ហើយប្រសិនជាមាន ការវិនិយោគទៀត កុំចាំបាច់ទាល់ តែក្រុមហ៊ុនឯកជនមកវិនិយោគ សហគមន៍ដែលអាចបាន យើងនិយាយជាមួយ ធនាគារឯកជន មើលសហគមន៍រឹងមាំ សក្តានុពលជាជួយផ្តល់ នូវហិរញ្ញប្បទាន ដូចយើងធ្វើនៅក្នុងវិស័យកសិកម្ម នៅក្នុងវិស័យផ្សេងៗ ចឹងខ្ញុំសូមឱ្យខាង វិស័យធនាគារឯកជនរបស់យើង គិតគូអំពីការជួយផ្តល់ ហិរញ្ញប្បទាន ឥណទាន ជូនទៅដល់ខាងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ នៅក្នុងអត្រាដែលការប្រាក់ល្អផង ដើម្បីជួយសម្រួលឱ្យគាត់ នៅក្នុងកិច្ចការងារនេះ ជួនជាមួយនឹងការជួយរបស់ក្រសួងស្ថាប័នរបស់យើង ក្នុងការពង្រឹងសហគមន៍ បច្ចេកទេស ឬមួយប្រព័ន្ធ ដើម្បីឱ្យមានភាពជោគជ័យ ទាំងអស់នេះ ហើយគឺការជួយគ្នាដើម្បីរស់ ជួយគ្នាដើម្បីរីក នេះហើយគឺដែលខ្ញុំថា វិស័យឯកជន មិនចាំបាច់ត្រូវតែទៅសម្លាប់សហគមន៍ទេ អាចធ្វើជាមួយគ្នា ជួយគ្នាបាន”៕
