ភ្នំពេញ ៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំចាស់ ២០២៤ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៥ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ៣៥១៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៤,០៩៤នាក់ សិស្ស-និស្សិតកំពុងសិក្សា ៦២,២៣១នាក់ និងមាន ៣៥ទីតាំង ក្នុងនោះ ១ទីតាំង ជាស្នាក់ការកណ្តាលប៊ែលធី គ្រុប ២ទីតាំងជាសាកលវិទ្យាល័យ និង ៣២ទីតាំងជាសាលា។ ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ៣ធំៗ ដូចជា I.ប៊ែលធីសំណង់ II.ប៊ែលធីទេសចរណ៍ និង III.ប៊ែលធីអប់រំ ចែកចេញជា ៥ផ្នែកគឺ ១-សាលា ប៊ែលធី អន្តរជាតិ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៣-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ៤-មជ្ឈមណ្ឌលតេស្តអន្តរជាតិ និង ៥-ប៊ែលធីស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ព្រមទាំង មូលនិធិសប្បុរសធម៌ ប៊ែលធី ផងដែរ ។

ក្នុងឆ្នាំ២០២៤ ប៊ែលធី គ្រុប សម្រេចបាននូវសមិទ្ធផលធំៗ ដូចជា៖
I. ប៊ែលធីសំណង់ កំពុងសាងសង់អគារប៊ែលធីទី៣១ (វត្តទួល) ប៊ែលធីទី៣២ (ក្រាំងធ្នង់) និងស្នាក់ការកណ្តាលប៊ែលធី គ្រុបកម្ពស់ ៣២ជាន់
II. ប៊ែលធីទេសចរណ៍ មានរថយន្តទំនើបៗ ១៦គ្រឿង សម្រាប់ដឹកសិស្ស-និស្សិត និងភ្ញៀវទៅទស្សនានៅតំបន់នានាទូទាំងប្រទេស។
III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា និងប្រឡងជាប់ជាស្ថាពរ ២៨,៦៥៣នាក់ ក្នុងនោះបានចែកចេញជា៖
-សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ២១,៩៣៩នាក់ ជាប់ ១៨,៨៣៩នាក់ ស្មើនឹង ៨៥.៨៧% និទ្ទេស A ចំនួន ៥៨៨នាក់
-សិស្សភាសាអង់គ្លេសកម្រិត១២ (Level12) ចំនួន ១៤,២៦៤នាក់ បានពិន្ទុតេស្តអន្តរជាតិអាយអិល (IELTS) ៥.០ឡើង ៩,៨១៤នាក់ ស្មើនឹង ៧៨%
IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សាទាំងកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ ចំនួន ៥,០៣៩នាក់ ក្នុងនោះ ថ្នាក់គរុកោសល្យ ៨១៦នាក់ បរិញ្ញាបត្ររង ៨១៥នាក់ បរិញ្ញាបត្រ ៣,០១២នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ៣៨៤នាក់ និងថ្នាក់បណ្ឌិត ១២នាក់។
V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ១,៣៤៤នាក់ ក្នុងនោះសិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១៤១នាក់ សិស្ស-និស្សិតបង់ថ្លៃ ៥៩នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ១,១៤៤នាក់។
VI.មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី បានទទួលសិទ្ធិរៀបចំតេស្តអន្តរជាតិធំៗ ៥ ៖ ១-តេស្តអន្តរជាតិអាយអិល (IELTS) ពីអង់គ្លេស ២-តេស្តថូហ្វល (TOEFL) ពីអាម៉េរិក, ៣-តេស្ត GRE (ជីអអ៊ី) ពីអាម៉េរិក ៤-តេស្តSELT (អេស-អ៊ី-អែល-ធី) ពីអង់គ្លេស និង ៥-តេស្តអន្តរជាតិតូហ្វាស (TOFAS) ពីជប៉ុន។

ទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៥
សម្រាប់ឆ្នាំ២០២៥នេះ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន ១៥ចំណុច រួមមាន ៖
១- ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
២- អនុវត្តគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដោយថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) ស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំងរបស់ថ្នាក់លើ
៣- គោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់រដ្ឋជាធរមានឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
៤- អភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) ទាំងសាលា (SMS) និងសាកលវិទ្យាល័យ (UMS) ព្រមទាំងប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបន្តទៅបង្កើត Student Portal ឱ្យបានរួចរាល់
៥- ពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់
៦- បន្តយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់
៧- អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៨- ពង្រឹងការគោរពវិន័យសិស្ស-និស្សិតនៅគ្រប់កម្រិត-ថ្នាក់ ជាពិសេស អវត្តមាន ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៩- បើកថ្នាក់បំប៉នជូនសិស្សថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឱ្យប្រឡងជាប់បាក់ឌុបចាប់ពី ៩០% ឡើងទៅ និងទទួលបានសិស្សនិទ្ទេស A កាន់តែច្រើនបន្ថែមទៀត។ ហើយសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ។
១០- បន្តលើកទឹកចិត្តជ្រើសរើសសាស្រ្តាចារ្យ-គ្រូពេញម៉ោង (Full-Time) ដោយផ្តល់ឱកាសឱ្យបន្តការសិក្សាជាមួយនឹងអាហារូបករណ៍ និងដំឡើងតួនាទី (Promote) តាមលំដាប់ថ្នាក់/កម្រិត រហូតជាសាស្ត្រាចារ្យ (Lecturer) ឬគណៈគ្រប់គ្រងសាខា និងការិយាល័យផ្សេងៗ
១១- បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
១២- ជំរុញការផ្សព្វផ្សាយ និងទទួលស្វាគមន៍និស្សិតថ្មីឱ្យចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយអាចជ្រើសរើសជំនាញ និងមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលមាន ១៣មហាវិទ្យាល័យ និង ៤៥មុខជំនាញ
១៣- ពង្រឹងសមត្ថភាពគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ តាមរយៈការបើកវគ្គបណ្តុះបណ្តាល (On the job training) ដើម្បីឱ្យក្លាយខ្លួនជាអ្នកអាជីព (Train to be professional)
១៤- បន្តបើកថ្នាក់ភាសាចិនចាប់ពីកម្រិត Preschool ដល់ Level 12 សម្រាប់ផ្នែកសាលា និងពង្រឹងមហាវិទ្យាល័យចិននៅសាកលវិទ្យាល័យ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១៥- ខិតខំពង្រឹង ប៊ែលធី ស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ឱ្យដំណើរការកាន់តែល្អបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់ នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានា របស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង ។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប ចំនួន ៤០រូប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ១១៥រូប នាពេលនោះផងដែរ ៕
























