ព័ត៌មានជាតិ

ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យ ឆេះអស់ទាំងស្រុង នៅក្រុងច្បារមន

កំពង់ស្ពឺ ៖ ផ្ទះស្ត្រីម្នាក់ ត្រូវបានអគ្គិសភ័យលេបត្របាក់ ផ្ទះអស់ទាំងស្រុងកាលពីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ពេលដែលវិលត្រឡប់មកពីស៊ីឈ្នួល លាងចានឱ្យគេវិញ ។

សមត្ថកិច្ចមូលដ្ឋាន សង្កាត់រការធំ បានឱ្យដឹងថា មានករណីឆេះផ្ទះមួយខ្នងដែលសង់ឡើងពីឈើជាប់ដី ប្រក់ស័ង្កសី ទំហំ៥គុណនឹង៦ម៉ែត្រ ស្ថិតនៅក្នុង ភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ឈ្មោះ ពេជ្រ ទូច ភេទស្រី អាយុ៦៥ឆ្នាំ មានមុខរបរស៊ីឈ្នួលលាងចាន។

សមត្ថកិច្ចដដែលបានបន្តថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះខាងលើបានទៅលាងចានឱ្យគេ ហើយបានទុកចៅស្រីអាយុប្រហែល១២ឆ្នាំឱ្យនៅចាំផ្ទះ ក្រោយមកនៅម៉ោងកើតហេតុ ស្រាប់តែនៅផ្នែកខាងក្រោយនៃចង្ក្រានបាយមានអណ្តាភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ គ្រានោះរថយន្តបង្ការ ពន្លត់អគ្គិសភ័យ នៃស្នងការដ្ឋានខេត្តបានចេញអន្តរាគមន៍ដើម្បីជួយបាញ់ពន្លត់ តែមិនអាចជួយសង្គ្រោះបានឡើយ ដោយសារតែផ្លូវមានភាពតូចចង្អៀត ហើយត្រូវបានអ្នកភូមិសង់រោងការ និងរោងបុណ្យសពអមសងខាង មិនអាចឱ្យរថយន្តសង្គ្រោះចូលជួយអន្តរាគមន៍បានទាន់ពេលវេលា ។
បច្ចុប្បន្នផ្ទះឈើមួយខ្នងនេះ ត្រូវបានឆេះរាបដល់ដី ឥវ៉ាន់ទាំងអស់ ដែលស្ថិតនៅក្នុងផ្ទះនោះក៏មិនអាចយកចេញបានដែរ ៕
ដោយ:សុខ សុភ័ណ្ឌ

To Top