កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមទ្ធិផលនានា ក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ដែលចំណាយថវិកាសាងសង់អស់ ប្រមាណជាជិត ១០ ម៉ឺនដុល្លារអាមេរិក។

ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ប្រាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា សមិទ្ធផលក្នុងវត្តរស្មីសង្កែដែលបានសម្ពោធនាពេលនេះ មានដូចជាដំបូលព្រះវិហារ កុដមួយខ្នង និងស្រះទឹក ដែលចំណាយថវិការសរុបប្រមាណជាជិត ១០ ម៉ឺនដុល្លារអាមេរិក ។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះអបអរសាទរ ដែលវត្តរស្មីសង្កែទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលបានចូលរួមជាកុសល ចូលជាបច្ច័យ ក្នុងការសាងសង់បង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះ នៅក្នុងស្រុកព្រៃឈររបស់យើង ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កត្តាដែលនាំឲ្យមានការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រមកដល់ពេលនេះ គឺដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព នាំឲ្យប្រជាពលរដ្ឋយើង មានការងារធ្វើប្រកបមុខរបរទទួលទាន មានជីវភាពធូរធារ ហើយអាចមានលទ្ធភាពក្នុងការចូលរួមជាបច្ច័យ ដើម្បីកសាងអភិវឌ្ឍន៍ ឲ្យកើតមានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ៕

