ក្រុងប្រ៊ុចសែលៈ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានថ្កោលទោស ការដួលរលំនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយសម្តែងការព្រួយបារម្ភ ចំពោះអំពើហិង្សាជាថ្មី និងផលប៉ះពាល់មនុស្ស ធម៌ដ៏សាហាវ របស់វា និងអំពាវនាវ ឲ្យមានការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា ។
ក្រុមប្រឹក្សាបានសង្កត់ធ្ងន់ថា ខ្លួនមិនពេញចិត្តចំពោះការបដិសេធរបស់ពួកហាម៉ាសក្នុងការប្រគល់ចំណាប់ខ្មាំង ដែលនៅសេសសល់ដោយអំពាវនាវឱ្យ “ត្រឡប់ទៅការអនុវត្តពេញ លេញ នៃកិច្ចព្រមព្រៀងឈប់បាញ់-ចំណាប់ខ្មាំង” នេះបើយោងតាមសេចក្តី ថ្លែងការណ៍ដែលចេញផ្សាយ ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ។
ក្រុមប្រឹក្សាបានគូសបញ្ជាក់ ពីភាពបន្ទាន់នៃការ ឈានទៅដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង ដោយសង្កត់ធ្ងន់ថា ការអនុវត្តពេញលេញ របស់វាគឺចាំបាច់សម្រាប់ ការធានាការដោះលែង ចំណាប់ខ្មាំងទាំងអស់ និងសម្រេចបាននូវការបញ្ឈប់ អរិភាពជាអចិន្ត្រៃយ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ដំណាក់កាលទីមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សាបានបញ្ចប់នៅថ្ងៃទី ១ ខែមីនា។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្នុងដំណាក់កាលទីពីរ អ៊ីស្រាអែល ត្រូវបានគេសន្មត់ថា បានដកកងកម្លាំងរបស់ខ្លួនទាំងស្រុង ហើយក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ ។
ផ្ទុយទៅវិញ អ៊ីស្រាអែល បានព្យាយាមពង្រីកដំណាក់កាលទីមួយ ដោយអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ១១ នាក់បន្ថែមទៀត ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។ ចំណែកក្រុមហាម៉ាស់វិញ បានទទូចឱ្យបន្តអនុវត្តកិច្ចព្រមព្រៀងដើម។ កិច្ចចរចាសម្របសម្រួលលើ ដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ បានបន្តតាមរយៈកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណា មួយត្រូវបានសម្រេចនោះទេ។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានធ្វើការទម្លាក់គ្រាប់បែកយ៉ាងសាហាវនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃអង្គារ ដោយបានបំបែកបទឈប់ បាញ់ជិតពីរខែ និងបង្កើនការភ័យខ្លាច នៃការបញ្ចប់សង្រ្គាមរយៈពេល ១៧ ខែ៕
ប្រែសម្រួល ឈូក បូរ៉ា
