ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ សុខភាពកងទ័ព​ ជារឿងសំខាន់

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រីក្រសួង សុខាភិបាលបានលើកឡើងថា កងទ័ពជាវីរៈបុរសរបស់ជាតិ ​ដែលជាកម្លាំងចលករដ៏រឹងមាំ សម្រាប់ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះហើយសុខភាព កងទ័ពជារឿងសំខាន់ ។

នេះជាប្រសាសន៍ របស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងសម្ពោធអគារទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ដែលជាអំណោយ របស់ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត កាលពីថ្ងៃ២២ មីនា ។

ថ្លែងក្នុងពិធីសំណេះសំណាល សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងថា ក្រសួង និងក្រុមហ៊ុនសុខាអូតែល-រីសត តែងតែផ្សារភ្ជាប់ជានិច្ចជាមួយសមរភូមិមុខ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនយ៉ាងអង់អាចក្លាហាន ដើម្បីអធិបតេយ្យភាព សេចក្តីសុខសេចក្តីចម្រើនរបស់ប្រជាជន និងប្រទេសជាតិ។ សាស្រ្តាចារ្យ បានកោតសរសើរ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបាននិង កំពុងលះបង់កម្លាំងកាយ-ចិត្ត អង់អាចក្លាហានធ្វើ ពលិកម្មគ្រប់បែបយ៉ាង ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការ សម្រេចបាននូវសមិទ្ធផល ដ៏ធំធេងលើគ្រប់វិស័យ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីគូសបញ្ជាក់ថា សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ព ដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុងឧត្តម របស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន ។ ការការពារប្រសើរជាងព្យាបាល ការជ្រើសរើសឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព គឺជាការវិនិយោគដ៏ឆ្លាតវៃ ហើយត្រូវចាប់ផ្តើមពីពេលនេះ ពីពេលដែលមានសុខភាពល្អ ដើម្បីកាត់បន្ថយការឈឺ ពិការ និងសន្សំសំចៃថវិកាគ្រួសារ ស្របតាមពាក្យស្លោកមួយថា “ការថែទាំសុខភាពគឺជាការវិនិយោគសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិ”។

សាស្រ្តាចារ្យ បានជូនអនុសាសន៍ដល់កងទ័ព ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជា ៖ ការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សម្រាកក្នុងមុង ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃ ឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់និង ទទួលទានចំណីអាហារមានសុត្ថិភាពល្អ និងបង្ការជំងឺឆ្លងផ្សេងៗទៀត។

ទន្ទឹមនឹងជំងឺឆ្លង និងមិនឆ្លង សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈសារអប់រំសុខភាពនានាដែលក្រសួងសុខាភិបាល បាននិងកំពុងផ្សព្វផ្សាយ ដូចជារបបអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” និងការផ្លាស់ប្តូររបបរស់នៅដូចជា ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ។

សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត ក៏បានភ្ជាប់ជាមួយឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាសម្រាប់ឧបត្ថម្ភ ជូនដល់ទីបញ្ជាការកងពលតូចលេខ៥១ ពលទាហានចំនួន ៤០០នាក់ និងគ្រួសារកងទ័ពចំនួន១០០គ្រួសារ ៕

To Top