ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួង ធ្វើដំណើរទស្សនកិច្ចនៅហុងកុង

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់អាជ្ញាធរ សុខាភិបាល របស់តំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជា មានិតចិន និងទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរាត្រីថ្ងៃ២៣ មីនា បានដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ច ទៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងឱកាស នៃដំណើរទស្សនកិច្ច សាស្ត្រាចារ្យរដ្ឋមន្ត្រី គ្រោងជួបពិភាក្សាការងារ ជាលក្ខណៈទ្វេភាគី ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យ និងសាកលវិទ្យាល័យ និងថ្នាក់ដឹកនាំផ្សេងទៀត នៃតំបន់រដ្ឋបាល ពិសេសហុងកុងផងដែរ។

គោលបំណង នៃដំណើរទស្សនកិច្ច ដើម្បីសិក្សាអំពីលទ្ធភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីស្វែងយល់ បន្ថែមក្នុងការជំរុញការអនុវត្តអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាន នូវការគ្របដណ្តប់ សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋសភា ។

រយៈពេល៣ថ្ងៃពេញនេះ គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ដែលមានការ ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ សុខាភិបាល ទីក្រុងហុងកុង នឹងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តំលៃខ្ពស់បំផុត ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ជាពិសេសគឺពង្រឹង ចំណងសាមគ្គីភាព និងមិត្តភាពដែកថែប ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុងចូលរួមចំណែក ក្នុងការពង្រឹងសន្តិភាព សន្តិសុខសុខភាពប្រទេសតំបន់ និងពិភពលោក៕

To Top