ព័ត៌មានជាតិ

មហាវិថី ឈ្នះឈ្នះ ត្រង់ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ នឹងត្រូវបិទម្ខាង បើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌ សែនសុខរាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច ដោយទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងនោះគម្រោង សាងសង់ពង្រីកបន្ថែម ស្ថានីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់ ១,៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាព បូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។

បច្ចុប្បន្នការងារសាងសង់ ស្ថានីយនេះដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះ ឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។

ដើម្បីឱ្យដំណើរការគម្រោងនេះ បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយ បូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់អធ្យាស្រ័យ ចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាម ផែនការកំណត់ផងដែរ៕

To Top