ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិ គាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការប្រតិបត្តិ ស្តីពីយន្តការជំរុញការចុះបញ្ជី ក្នុងប្រព័ន្ធសន្តិសុខសង្គម

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការប្រតិបត្តិស្តីពីយន្តការជំរុញ ការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខ សង្គម ឆ្នាំ២០២៤-២០២៦”។

ផែនការប្រតិបត្តិនេះគឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការរៀបចំយន្ដការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។

ថ្លែងក្នុងសុន្ទរកបើក លោក ហែម វណ្ណឌី បានលើកឡើងថា «ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

To Top