ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម លើកទឹកចិត្តដល់យុវជន ស្វែងយល់ និងចូលរួមផ្សព្វផ្សាយ អំពីធនធានល្អៗ របស់កម្ពុជា

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់យុវជនទាំងអស់ ស្វែងយល់ និងចូលរួមផ្សព្វផ្សាយ ចែករំលែកអំពីធនធានល្អៗរបស់កម្ពុជា សំដៅលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ។

ក្នុងពិធីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ឬ Mekong Discovery Days ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្តែងក្តី សោមនស្សរីករាយដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឱកាសចូលរួមកម្មវិធីនេះជាលើកទី២ ដើម្បីផ្សព្វផ្សាយ អំពីសមិទ្ធផល ដែលក្រសួងសម្រេចបាន តាមរយៈការសហការយ៉ាង ជិតស្និទ្ធជាមួយអង្គការ និងដៃគូអភិវឌ្ឍនានា។

តាមរយៈភាពយន្តឯកសារទាំងឡាយ ដែលចាក់បញ្ចាំងនៅក្នុងកម្មវិធី «ជុំវិញដងទន្លេមេគង្គ» នេះ លោក រដ្ឋមន្ដ្រីសង្ឃឹមថា ទស្សនិកជន ជាពិសេសប្អូនៗសិស្ស-និស្សិត នឹងបានយល់កាន់តែច្បាស់និងទូលំទូលាយ អំពីភាពចាំបាច់និងប្រទាក់ក្រឡាគ្នា នៃវិស័យកសិកម្ម និងការអភិរក្សធនធានធម្មជាតិ ទាំងនៅកម្ពុជា និយាយដោយឡែក និងនៅក្នុងអនុតំបន់ទន្លេមេគង្គ និយាយជារួម។

ទាក់ទងនឹងការងារអភិរក្ស លោក រដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំង ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែង ចូលរួមថែរក្សាធនធានធម្មជាតិ។ ភាពជោគជ័យនៃការងារនេះ ស្ដែងឱ្យឃើញ តាមរយៈកំណើន សត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិប្រទេសកម្ពុជា និងវត្តមានផ្សោតសមុទ្រ ផ្សោតផ្កាឈូក ជ្រូកទឹក ក្រពើភ្នំ និងជីវចម្រុះផ្សេងៗទៀត ដែលជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា ។

ជាទីបញ្ចប់ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់យុវជនទាំងអស់ ស្វែងយល់ និងចូលរួមផ្សព្វផ្សាយ ចែករំលែកអំពីធនធានល្អៗរបស់កម្ពុជា សំដៅលើកកម្ពស់ ការអភិរក្សធនធានធម្មជាតិ។ បើតាម លោករដ្ឋមន្ដ្រី ការងារដែលក្រសួងកំពុងធ្វើដោយទទួលបានលទ្ធផលល្អ ក្រសួងនឹងបន្ត ធ្វើបន្ថែមទៀត ហើយធ្វើឱ្យកាន់តែប្រសើរ ។ ចំណែកអ្វីដែលនៅមានភាពខ្វះចន្លោះ ក្រសួងស្វាគមន៍នូវរាល់មតិយោបល់ស្ថាបនា ដើម្បីធានាឱ្យបាន នូវនិរន្ដរភាពធនធានធម្មជាតិ និងស្រប តាមគោលនយោបាយរបស់ក្រសួងគឺធានាថា ប្រជាជនខ្មែរ «មានហូប មានបាន មានប្រើ និងមានរហូត»៕

To Top