ព័ត៌មានជាតិ

កងទ័ពជើងគោក និងអាជ្ញាធរពាក់ព័ន្ធ បន្តការបង្រ្កាបបទល្មើស នេសាទខុសច្បាប់ អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍ បឹងទន្លេសាប ដោយចីរភាព

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញ ជាអធិបតីភាព​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ បង្រ្កាបបទល្មើស នេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការ ដឹកនាំបង្រ្កាប បទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក បានរាយការណ៍សង្ខេប អំពីលទ្ធផលបង្រ្កាប បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប ក្នុងត្រីមាស១ ឆ្នាំ២០២៥ ដោយដំណាក់កាលអនុវត្តន៍មាន ០៣ដំណាក់កាល។

ជាលទ្ធផលសរុបរួម ៖ បំផ្លាញឡុកចំនួន ៧,២២៥គ្រឿង; ស្បៃមុងគ្រប់ប្រភេទចំនួន ២,៨០០,៩៩៤ម៉ែត្រ; ក្បាល(អ៊ុយ-ស្បៃមុង-បរ)ចំនួន ១,១៩៤ក្បាល; ឡុកនិងអ៊ុយ ចំនួន ៧,៤០៦មាត់/លប; បង្គោលចម្រឹងចំនួន ៥៩០,០៧១ដើម; ប្រលែងត្រីចំនួន ២៧,៣៦៥គីឡូក្រាម; ប្រលែងលៀសចំនួន ៧២៥តោន; ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន ៣១៥គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម; ដកហូតទូកចំនួន ៥៦គ្រឿង រថយន្តចំនួន ០២គ្រឿង ម៉ាស៊ីនទូកចំនួន ១៤គ្រឿង ម៉ាស៊ីនរែងលៀសចំនួន ០៨គ្រឿង ម៉ាស៊ីនប៉ូមខ្យល់ចំនួន ០៤គ្រឿង កាំភ្លើងច្នៃចំនួន ០១ដើម ឧបករណ៍ឆក់ត្រជាក់ ចំនួន១៥គ្រឿង អាគុយចំនួន ២១គ្រាប់ ឧបករណ៍អូសលៀសចំនួន ០១ឈុត និងសម្ភារមួយចំនួនទៀត; អប់រំប្រជាពលរដ្ឋ អំពីការប្រើប្រាស់ ឧបករណ៍នេសាទ ខុសច្បាប់ចំនួន ១,១៨៧នាក់; ធ្វើកិច្ចសន្យាប្រជានេសាទចំនួន ៤៤១នាក់ ទូកចំនួន៩៨គ្រឿង; ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់(វៀតណាម៤៧នាក់) ។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានធ្វើការកោទសសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែល ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងគណៈបញ្ជាការ ដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក សម្រេចបាន ក្នុងកិច្ចការបង្ក្រាប បទល្មើសនេសាទគ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទ និងសាធារណជនគ្រប់ទិសទី ។

លោកនាយឧត្តមសេនីយ៍ បានណែនាំឲ្យគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទ របស់កងទ័ពជើងគោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍យុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយផ្តោតកិច្ចការសំខាន់ ចំនួន ៣ ៖ (១) បង្រ្កាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ គ្រប់រូបភាព និង គ្រប់ទម្រង់ (២) អភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ (៣) អភិវឌ្ឍបឹងទន្លេសាប ដោយត្រូវចុះជួប ចុះផ្សព្វផ្សាយ និង ជួយដោះស្រាយ រាល់បញ្ហាប្រឈមនានា ដើម្បីប្រជាពលរដ្ឋអាចប្រកបរបរលើផ្ទៃបឹងទន្លេសាប ដោយស្របច្បាប់ និងការទទួលខុសត្រូវ ។

ជាមួយគ្នានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មរបស់ កងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាការពារសម្បត្តិធម្មជាតិ​ ដ៏មានតម្លៃនេះ និងប្តេជ្ញាគាំទ្រយុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប អោយបានជោគជ័យ។

ក្នុងឱកាសត្រួតពិនិត្យវឌ្ឍនភាព ការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាបនេះ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ មី ស្ករស ត្រីខ ជូនដល់បណ្តាកងឯកភាព ចំណុះគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់
កងទ័ពជើងគោក៕

To Top