ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ។

នេះជាឆ្នាំទី៩ហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ហើយឆ្នាំនេះក៏ជាឆ្នាំទី២ដែរ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីនេះ ។

កាតព្វកិច្ចបួសខែរ៉ាម៉ាឌន គឺជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ក្នុងចំណោមសសរស្តម្ភទាំង ៥ ។ ខែរ៉ាម៉ាឌន គឺជាខែទី៩ និងត្រូវបានប្រសិទ្ធនាម ជាខែដ៏ពិសិដ្ឋ នៃសាសនាឥស្លាមផងដែរ ដែលជាខែជំរុញឱ្យជនម៉ូស្លីមទាំងឡាយ ខិតខំប្រឹងប្រែងប្រព្រឹត្តអំពើល្អ ឱ្យបានកាន់តែច្រើន ពិសេស គឺជួយដល់អ្នកក្រខ្សត់ខ្វះលទ្ធភាព ។ បន្ថែមពីនេះ មូលហេតុសំខាន់ចម្បងមួយទៀត ក្រៅការបួស ឬតមអាហារ អំណត់នាពេលថ្ងៃ សាសនាឥស្លាម ក៏បានជំរុញ និងលើកទឹកចិត្ត ដល់សាសនិកទាំងអស់ ក្នុងការសូត្រគម្ពីរអាល់គូរអានឱ្យបានច្រើនផងដែរ ព្រោះថា ខែរ៉ាម៉ាឌន គឺជាខែដែលអល់ឡោះ បានបញ្ចុះគម្ពីរអាល់គូរអាន ជាលើកដំបូង តាមរយៈ ព្យាការីម៉ូហាំម៉ាត់ ដើម្បីផ្សព្វផ្សាយ ដល់ជនម៉ូស្លីមទាំងអស់ ៕
